បណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីដែលកំពុងមានជម្លោះនោះ បានបង្កើនថវិកាចំណាយលើសព្វាវុធដើម្បីពង្រឹងសមត្ថភាពការពារប្រទេសរបស់ពួកគេ។
របាយការណ៍ដែលលេចធ្លាយនៅពេលថ្មីៗនេះ បង្ហាញថា រុស្ស៊ីកំពុងតែធ្វើលក់អាវុធនិងសម្ភារសង្គ្រាមផ្សេងៗទៀតក្នុងទឹកប្រាក់ប្រមាណ៦ប៊ីលានដុល្លារ។ របាយការណ៍បង្ហាញថា រុស្ស៊ីលក់អាវុធទៅឲ្យឥណ្ឌា វៀតណាម ប៉ាគីស្ថាន និងឥណ្ឌូនេស៊ីជាដើម។
បច្ចុប្បន្នវៀតណាម និងឥណ្ឌាកំពុងតែមានជម្លោះព្រំដែនជាមួយចិន ចំណែកប៉ាគីស្ថានកំពុងតែមានជម្លោះនៅដែនដីកាស្មៀជាមួយឥណ្ឌា។
បើរំឭកពីដំណើរទស្សនកិច្ចរបស់លោកត្រាំមកកាន់ទ្វីបអាស៊ីលើកដំបូងកាលពីចុងឆ្នាំ២០១៧ក្រោយពេលលោក ចូលកាន់តំណែង សកម្មភាពប្រធានាធិបតីរូបនេះលេចធ្លោគឺការលក់អាវុធ។
កាលនោះ ពេលទៅដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង លោកត្រាំជំរុញឲ្យប្រទេសទាំងនេះ ទិញអាវុធទំនើបៗ និងឧបករណ៍ការពារមីស៊ីលពីអាមេរិក ដើម្បីត្រៀមទុកទប់ទល់ការវាយប្រហារពីកូរ៉េខាងជើង។
ពេលធ្វើដំណើរដល់វៀតណាមលោក ត្រាំ ក៏បានជំរុញឲ្យប្រទេសនេះទិញមីស៊ីលរបស់អាមេរិក ទុកប្រើប្រាស់ដើម្បីការពារប្រទេសករណីផ្ទុះជម្លោះនៅសមុទ្រចិនដែរ។
នៅដើមឆ្នាំ២០១៨ចិនដែលកំពុងតែមានសត្រូវជុំវិញខ្លួននោះ បានបង្ហាញយន្តហោះនិងនាវាចម្បាំងរាប់សិបគ្រឿង។ ការបង្ហាញនេះធ្វើឡើងជាទ្រង់ទ្រាយធំមិនធ្លាប់មាន។ ចិនក៏កំពុងតែប្រឹងប្រែងកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅលើកោះក្នុងសមុទ្រចិនខាងត្បូង បើទោះជាមានការថ្កោលទោសក៏ដោយ។
កាលពីដើមខែមីនា ចិនបានប្រកាសកញ្ចប់ថវិកា១,១១ទ្រីលានយ័ន ឬស្មើនឹងប្រមាណ១៧៥ប៊ីលានដុល្លារ លើវិស័យកងទ័ព។ ការប្រកាសបង្កើនថវិកានេះ ធ្វើឡើងមុនពេលប្រកាសបើកសមាជថ្នាក់ជាតិរបស់គណបក្សកុម្មុយនីស្តប្រជាជនចិនប្រចាំឆ្នាំ។
ការបង្កើនការចំណាយរបស់ចិននេះគឺខ្ពស់ជាងឆ្នាំមុនៗដូចជា ឆ្នាំ២០១៧កើនឡើង៧% ចំណែកកាលពីឆ្នាំ២០១៦ការចំណាយបង្កើន៧,៦%។
ចំណែករបាយការណ៍របស់អាមេរិកបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៥ដល់២០១៤ វៀតណាមបានបង្កើនការចំណាយលើវិស័យយោធាចំនួន៤០០ភាគរយ។ នៅប៉ុន្មានឆ្នាំចុងក្រោយគឺវៀតណាមក៏បានបង្កើនសព្វាវុធរបស់ខ្លួនកាន់តែខ្លាំងដែរដូចជា ករណីលេចធ្លាយការទិញយន្តហោះចម្បាំងSU-30ពីប្រទេសរុស្ស៊ីជាដើម។
តើអ្វីជាផលល្អ និងផលអាក្រក់ពីការបង្កើនសព្វាវុធនេះ?
ចំណុចល្អ
អាចថា ពេលដែលប្រទេសនានាមានសព្វាវុធ ប្រហាក់ប្រហែលគ្នានោះ នឹងអាចទប់ស្កាត់មិនឲ្យមានការឈ្លានពាន ឬ ទប់ស្កាត់ការផ្ទុះសង្គ្រាមឡើងព្រោះមានការខ្លាចរអាគ្នាទៅវិញទៅមក ហើយពួកគេជ្រើសរើសយកមធ្យោបាយចរចា។ ដូចជាករណីជម្លោះព្រំដែនគោករវាងចិន និងឥណ្ឌា ឡើងកម្តៅខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកជម្លោះនៅសមុទ្រចិនខាងត្បូងក៏មិនទាន់អាចរកដំណោះស្រាយបានដែរ។ ការប្រឈមមុខដាក់គ្នារវាងជប៉ុន កូរ៉េខាងជើង ជប៉ុនជាមួយចិន កូរ៉េខាងជើង និងកូរ៉េខាងត្បូង ទោះហាក់ស្ងាប់ស្ងាត់បន្តិចតែភាគីទាំងនេះ ក៏នៅតែមិនអាចបញ្ចប់ជម្លោះបានដែរ។
បញ្ហាប្រឈមមុខគ្នាហើយពួកគេរើសយកមធ្យោបាយចរចានេះ ក៏អាចដោយសារតែពួកគេខ្លាចរអាគ្នាទៅវិញទៅមក។
ចំណុចអាក្រក់
ភាពមិនទុកចិត្តគ្នាចេះតែកើនឡើង ហើយការរត់ប្រណាំសព្វាវុធកាន់តែខ្លាំងក្លា។ ដូចករណីមេដឹកនាំចិនលោក ស៊ី ជីនពីង ដែលកែប្រែរដ្ឋធម្មនុញ្ញកាន់អំណាចមិនកំណត់ពេលនោះ កំពុងមានមហិច្ឆតា បង្ក្រាបក្រុមប្រឆាំងនៅក្នុងប្រទេស និងវាយយកដែនដីតៃវ៉ាន់គ្រប់គ្រងវិញ ចំណែកតៃវ៉ាន់ដែលមានការគាំទ្រពីអាមេរិក និងប្រទេសលោកសេរីផ្សេងទៀត ក៏បានប្រកាសថា ខ្លួនត្រៀមទប់ទល់ជាមួយចិនគ្រប់ពេលបើមានការឈ្លានពាន។
សរុបមកបើតុល្យភាពអំណាចនៅក្នុងតំបន់មិនប្រែប្រួលខ្លាំងទេ សង្គ្រាមនៅតែមិនមែនជាជម្រើសនៅក្នុងតំបន់នោះទេ។
រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបានជំរុញលើកទឹកចិត្ត ឲ្យវៀតណាមទិញអាវុធរបស់ខ្លួន ប្រើចម្រុះគ្នាជាមួយអាវុធដែលវៀតណាមទិញពីប្រទេសរុស្ស៊ី។
ភាគច្រើនលើសលប់យន្តហោះចម្បាំង និង នាវាមុជទឹក រួមទាំងអាវុធផ្សេងៗទៀតគឺវៀតណាមទិញពីប្រទេសរុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចទៅវៀតណាមនៅដើមខែកុម្ភៈនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis លើកឡើងថា អាមេរិកអាចផ្តត់ផ្គង់អាវុធឲ្យវៀតណាមដូចរុស្ស៊ីដែរ ហើយថា វៀតណាមទិញអាវុធពីអាមេរិកទី១ អាវុធមានគុណភាពទី២ អាមេរិកក្នុងភាពជាដៃគូជួយពង្រឹងសមត្ថភាពនយោធាឲ្យកាន់តែខ្លាំង។ នេះបើតាមVNexpess។
របាយការណ៍របស់អាមេរិកបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៥ដល់២០១៤ វៀតណាមបានបង្កើនការចំណាយលើវិស័យយោធាចំនួន៤០០ភាគរយ។
កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានដកបម្រាមការលក់អាវុធចេញពីប្រទេសវៀតណាម ធ្វើឲ្យប្រទេសទាំងពីរអាចទិញលក់អាវុធបានធម្មតាវិញ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ដូណាល ត្រាំ កាលពីចុងឆ្នាំ២០១៧នៅតំបន់អាស៊ី លោកត្រាំ ក៏បានជំរុញឲ្យវៀតណាមទិញអាវុធមីស៊ីលរបស់ខ្លួនទុកប្រើប្រាស់ដែរ។ ប៉ុន្តែទាំងការជំរុញរបស់ប្រធានាធិបតី និង រដ្ឋមន្ត្រីការពារជាតិអាមេរិក គឺមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយដោយថា រង់ចាំការពិចារណាសិន។