មន្ត្រីជំនាញបានត្រួតពិនិត្យបន្លែនិងចំណីអាហារជាង៦០ប្រភេទដែលមានលក់នៅក្នុងផ្សារអូរឫស្សី ក្នុងរាជធានីភ្នំពេញ ដោយដាក់ការសង្ស័យថា អាចមានសារធាតុគីមីធ្វើឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា កាលពីម្សិលមិញ ក្រុមការងារចម្រុះរួមមានមន្ត្រីកាំកុងត្រូល មន្ត្រីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឫស្សី និងមន្ត្រីខណ្ឌ៧មករា បានចុះត្រួតពិនិត្យទំនិញ ខូចគុណភាព និងទំនិញមានសារធាតុគីមីអាចប៉ះពាល់ដល់សុខភាព។
ប្រភពដដែលបន្តថា ក្រុមការងារបានធ្វើតេស្តលើបន្លែនិងអាហារ ចំនួន៦៤ប្រភេទដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ ផ្លែឈើ និងបន្លែ។ ក្រោយការពិនិត្យរកឃើញថា បន្លែប្រភេទ ផ្កាគូឆាយមានផ្ទុកសារធាតុគីមីហើយដកហូតភ្លាមៗ។