គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)អះអាងថាខ្លួនមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការចុះឈ្មោះបោះឆ្នោតនៅឡើយទេ តែថានឹងរៀបចំឡើងនៅក្នុងឆ្នាំ២០១៦នេះ។
ក្នុងសេចក្តីបំភ្លឺទៅកាន់សារព័ត៌មានCambodia Dailyដែលចុះថ្ងៃទី៦ ខែមេសានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថាគ.ជ.ប មិនទាន់បានប្រកាសកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ជាផ្លូវការនោះទេ ដោយសេចក្តីព្រាងបទបញ្ជានិងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតកំពុងស្ថិតក្នុងដំណាក់កាលនៃការរៀបចំ តែគ.ជ.ប អះអាងថានឹងសម្រេចលើបទបញ្ជានីតិវិធីនេះក្នុងពេលឆាប់ៗខាងមុខ។
គជប បានបញ្ជាក់ថាការចុះផ្សាយរបស់កាសែតCambodia Daily ក្រោមចំណងជើងថា”បញ្ជីឈ្មោះអ្នកបោះឆ្នោតប្រហែលជាមិនអាចរួចរាល់ទាន់ពេលសម្រាប់ឆ្នាំ២០១៧” ធ្វើឲ្យសាធារណជនយល់ច្រឡំពីកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ខន កែវមនោ បានឲ្យវីអូឌីដឹងថានៅពេលនេះគ.ជ.ប បានរៀបចំសេចក្តីព្រាងបទបញ្ជានិងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតជិតរួចហើយដែលលោករំពឹងថានឹងត្រូវបានបញ្ចប់នៅចុងខែមេសានេះ។ លោកបញ្ជាក់ថាកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតនេះនឹងត្រូវដំណើរការនៅក្នុងឆ្នាំ២០១៦នេះ។
បើតាមលោក កែវមនោ សម្រាប់ការចុះឈ្មោះបោះឆ្នោតគឺត្រូវប្រើពេល៥ខែ ដែលមាន៣ខែសម្រាប់ចុះឈ្មោះបោះឆ្នោតនិង២ខែទៀតគឺសម្រាប់បិទបញ្ជីនិងប្តឹងតវ៉ា។
បើតាមសេចក្តីបំភ្លឺដដែលនោះ ការកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតទៅបានគឺផ្អែកលើកត្តាសំខាន់ៗមួយចំនួនដូចជា បទបញ្ជានិងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោត កាលបរិច្ឆេទនៃការបោះឆ្នោតដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល ការងារបច្ចេកទេស សម្ភារៈនិងបរិក្ខាបម្រើឲ្យការចុះឈ្មោះបោះឆ្នោតនិងធនធានមនុស្ស៕