ពន្ធនាគារបាងកករីម៉ែន នៅព្រឹកថ្ងៃចន្ទនេះ បានដោះលែង លោក សមយុទ្ធ ដែលជាអតីតអ្នកសារព័ត៌មាននិងជាបណ្ណាធិការព័ត៌មានរបស់អតីតទស្សនាវដ្តីឈ្មោះសំឡេង «ថាក់ស៊ីន» ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទឧក្រិដ្ឋទៅលើព្រះមហាក្សត្រនិងការបរិហាកេរ្តិ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។
ក្រោយចេញពីពន្ធនាគារនៅព្រឹកនេះ លោក សមយុទ្ធ ត្រូវបានដកស្រង់សម្តី ដោយបាងកកប៉ុស្តិ៍ថា លោកមានការខកចិត្តបន្តិច នៅពេលដែលគាត់មិនបានឃើញប្រជាធិបតេយ្យ ប៉ុន្តែជាកន្លែងគ្រប់គ្រងដោយ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់របស់របបយោធាទៅវិញ។
បើតាមបាងកកប៉ុស្តិ៍ លោក សមយុទ្ធ បានប្តេជ្ញាបន្តការអំពាវនាវ សម្រាប់សេរីភាពនិងយុត្តិធម៌ ហើយបានសារភាពថា លោកជួបការលំបាកនៅពេលជាប់ពន្ធនាគារ។ លោកថា ការឃុំខ្លួនលោក យ៉ាងហោចណាស់ បានដាក់ប្រទេសថៃនៅថ្នាក់អន្តរជាតិ អំពីលើបញ្ហានយោបាយនិងសេរីភាព។
លោក សមយុទ្ធ ត្រូវបានឃុំខ្លួនតាំងពីខែមេសាឆ្នាំ២០១១ និងត្រូវបានចោទប្រកាន់បំពានចំណុចទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាច្បាប់ឧក្រិដ្ឋប្រពឹត្តិទៅលើព្រះមហាក្សត្រ តាមរយៈការចុះផ្សាយអត្ថបទចំនួន២នៅក្នុងឆ្នាំ២០១០ ដែលត្រូវបានចាត់ទុកថា រិះគន់ដល់រាជវង្សព្រះមហាក្សត្រថៃ។ បើតាមបាងកកប៉ុស្តិ៍ លោក សមយុទ្ធ មិនមែនជាអ្នកសរសេរអត្ថបទទាំងនោះទេ៕