បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានលើកឡើងថាសមាជិកខ្លួនមួយអង្គនៅខេត្តកំពង់ធំ ត្រូវបានអភិបាលស្រុក និង មន្រ្តីសង្ឃចាប់ផ្សឹកដោយអយុត្តិធម៌ ក្រោមរូបភាពនយោបាយ។
បណ្ដាញព្រះសង្ឃឯករាជ្យបានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថានៅថ្ងៃទី ០៤ ខែ ឧសភា សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គទៀត គឺព្រះអង្គ សេង ណារ៉ា ដែលគង់នៅវត្តទឹកម្លាង ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពុងធំ ត្រូវបានចាប់ផ្សឹកដោយអយុត្តិធម៌ ដោយអភិបាលស្រុកសណ្ដាន់ លោក ឡុង គឹសឹង និងមន្ត្រីសង្ឃ២អង្ឃទៀត គឺព្រះគ្រូអនុគណៈស្រុកសណ្ដាន់ ហួន ខុន និង វន លន។
បើតាមព្រះអង្គ បូរ បេតដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានមាន សង្ឃដីការថា ព្រះអង្គ សេង ណារ៉ា គ្មានកំហុសអ្វីដែលបានប្រព្រឹត្តខុសក្នុងព្រះពុទ្ធសាសនា ឬច្បាប់កម្ពុជាដែលរហូតឈានដល់ការចាប់ផ្សឹកនោះទេ ដោយលោកគ្រាន់តែបញ្ចេញមតិក្នុងបណ្ដាញសង្គម ហៅលោក អភិបាលស្រុក ថាជាយួន និងថាគណបក្សប្រជាជនកម្ពុជារាល់ថ្ងៃនេះ ជាគណបក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ព្រះអង្គ បូរ បេត មានសង្ឃដីការបន្ថែមថាការចាប់ផ្សឹកសមាជិករបស់ខ្លួននេះគឺទាក់ទងនឹងរឿងនយោបាយ និង គុំគួនផ្ដាច់ខ្សែរយៈបណ្ដាញព្រះសង្ឃឯករាជ្យនៅក្នុងស្រុកសណ្ដាន់ នៃខេត្តកំពង់ធំនេះ ព្រោះកន្លងមកពួកព្រះអង្គតែងតែតាមដាន និង រាយការណ៍ការពីការកាប់បំផ្លាញ់ព្រៃឈើក្នុងខេត្តកំពង់ធំ។
កន្លងមកសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គគឺព្រះតេជគុណ ហន សុផាន្នី គង់នៅវត្តដំរីស ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្ត ចាប់ផ្សឹក ហើយវាយខ្នោះ ហើយតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំដោយចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីព្រះអង្គបង្ហោះរូបថតកាំភ្លើងមួយដើម នៅលើគណនីហ្វេសប៊ុក ដែលគេថាកាំភ្លើងនោះជាកាំភ្លើងជ័រ៕