ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាបដែលមានសញ្ជាតិអាមេរិកផងដែរ។
លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អ្នកនាំពាក្យរងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Woods Courtney ប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថាក្រសួងការបរទសអាមេរិកមានកាតព្វកិច្ចផ្តល់ជំនួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ លោកមានប្រសាសន៍ថា៖ “យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យពន្យល់ពីការចោទប្រកាន់ប្រឆាំងលោក អ៊ុំ សំអាន។ ក្រសួងការបរទេសអាមេរិកមានតួនាទីជួយដល់ប្រជាពលរដ្ឋសញ្ជាតិអាមេរិកនៅក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្តល់សេវាផ្នែកកុងស៊ុលគ្រប់កាលៈទេសៈ”។
ក្រោយពីការសាកសួរជាង៧ម៉ោង នាយកដ្ឋានប្រឆាំងភេរវកម្ម បានសម្រេចបញ្ជូនលោក អ៊ុំ សំអាន ទៅតុលាការនៅម៉ោងជាង៤រសៀលនេះ ដោយលោក អ៊ុំ សំអាន ថាលោកត្រូវបានចោទប្រកាន់ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម។
លោក អ៊ុំ សំអាន ប្រាប់អ្នកសារព័ត៌មានក្រោយពេលបញ្ចប់ការសាកសួរថានេះជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោកបន្តថាលោកមិនស្តាយក្រោយនោះទេ ដែលមកកម្ពុជា ហើយត្រូវបានចាប់ខ្លួន។
កន្លងទៅ រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ លោក អ៊ុំ សំអាន ត្រូវបានលើកឡើងថាជាមនុស្សម្នាក់អាចរដ្ឋាភិបាលចាត់វិធានការ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំងនេះជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោកមានប្រសាសន៍ថា៖ “គាត់មានអភ័យឯកសិទ្ធិ គាត់នៅជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តសៀមរាប ហើយឥឡូវគណបក្សកាន់អំណាច គេចាប់ខ្លួនគាត់ អាហ្នឹងជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត”។
លោកចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ជាការព្រមានដល់សេរីភាពនៃការបញ្ចេញមតិលើបញ្ហាព្រំដែន។ លោកមានប្រសាសន៍ថា៖ “ខ្ញុំជឿថាទង្វើទាក់ទងនឹងរឿងទឹកដីនេះ គឺជាទង្វើស្នេហាជាតិ ជាឧត្តមគិតរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ គឺជាកាតព្វកិច្ចដែលអ្នកតំណាងរាស្រ្តត្រូវតែបញ្ចេញមតិ ខ្ញុំយល់ឃើញថាការចាប់ខ្លួននេះធ្វើឲ្យអ្នកដែលគិតគូរឿងបញ្ហាព្រំដែនមានការភ័យខ្លាច កាលណាតែប្រជាពលរដ្ឋមានការភ័យខ្លាច ប្រជាពលរដ្ឋនឹងមិនហ៊ានបញ្ចេញមតិ(ទាក់ទងនឹងបញ្ហាព្រំដែន)”។
គួរបញ្ជាក់ថាក្នុងឆ្នាំ២០០៤ លោក អ៊ុំ សំអាន បានសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅសហរដ្ឋអាមេរិកដែលជាកន្លែងលោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនិងបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ តាមរយៈការផ្តល់ជំនួយដោយរដ្ឋាភិបាលអាមេរិក នៅពេលដែលស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាមិនសូវល្អ។ រស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាង៨ឆ្នាំ លោក អ៊ុំ សំអាន ទើបតែទទួលបានសញ្ជាតិអាមេរិក កាលពីចុងឆ្នាំ២០១២។ បន្ទាប់ពីរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ លោក អ៊ុំ សំអាន បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ហើយក្នុងឆ្នាំ២០១៣ លោកបានឈរឈ្មោះជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាបហើយលោកក៏មានឱកាសជាប់ជាតំណាងរាស្រ្តមួយរូប៕