លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចេញសេចក្តីណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យចាត់តាំងក្រុមការងារតាមដានរបាយការណ៍ប្រចាំថ្ងៃនិងសំណូមពររបស់ប្រជាពលរដ្ឋនៅលើទំព័រហ្វេសប៊ុក ដោយលោកចាត់ទុកថានេះដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋទាន់ពេលវេលា។
ក្នុងសេចក្តីណែនាំ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថានៅក្នុងទំព័រហ្វេសប៊ុករបស់លោកសព្វថ្ងៃនេះទទួលបាននូវពាក្យបណ្តឹងនិងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកឲ្យដឹងទៀតថាជំនួយការរបស់លោកនឹងផ្ញើសំណូមពរនិងបណ្តឹងរបស់ប្រជាពលរដ្ឋនេះទៅតាមហ្វេសប៊ុករបស់ក្រសួង-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែលលោកទទួលបានពីប្រជាពលរដ្ឋ ។
លោកសរសេរទៀតថា៖ “ខ្ញុំស្នើសូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ននិងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់នេះ ដើម្បីរួមសហការគ្នាដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់”។
គួរបញ្ជាក់ថាលោក ហ៊ុន សែន បានហៅមន្ត្រីរបស់ខ្លួនមួយចំនួនថាបានធ្វើការ“ស្ទក់” និងបានបញ្ជាឲ្យមន្ត្រីទាំងនោះពន្លឿនការងារការរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕