អ្នកយកព័ត៌មានវីអូឌីផ្នែកថតវីដេអូត្រូវបានអង្គរក្សរបស់នាយករដ្ឋមន្រ្តីឲ្យចេញពីសាលចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំភ្លាមៗ មិនឲ្យយកព័ត៌មានទាក់ទងនឹងការចែកសញ្ញាបត្រក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.I.C នៃបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិអប់រំ។
អ្នកថតវីដេអូរបស់វីអូឌី លោក ហ៊ុយ ឧស្សាហ៍ មានប្រសាសន៍ថាលោកត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងសាលចែកសញ្ញាបត្ររួចហើយ បន្ទាប់មកលោកបានរៀបចំកាមេរ៉ាវីដេអូដើម្បីថត តែស្រាប់តែអង្គរក្សសួរថាមកពីស្ថាប័នវីអូឌី ហើយក៏បានស្រាវខ្សែសំឡេងនិងឲ្យរូបលោកចេញពីសាលចែកសញ្ញាបត្រនោះ។ លោកបញ្ជាក់ថាចំណែកអ្នកថតវីដេអូរបស់ទូរទស្សន៍ហង្សមាសនិងអាស៊ីអាគ្នេយ៍ត្រូវបានអនុញ្ញាតឲ្យនៅថតវីដេអូដដែល។ លោកចាត់ទុកថានេះជាការរើសអើងមួយ។
លោកមានប្រសាសន៍ថា៖ “មកដល់គេថាវីអូឌីអ្ហេ? ឲ្យចេញក្រៅ ខ្ញុំក៏ថាសូមថតមួយ ដោយសារខ្ញុំរៀបចំឧបករណ៍ហើយ តែគេអត់ឲ្យនៅ”។ លោកបញ្ជាក់ថា៖ “ខ្ញុំគិតថាជាការរើសអើងមួយ។ ផ្នែកសុវត្ថិភាពបានស្កែនហើយអស់ហើយ ខ្ញុំចូលតាមផ្លូវមានអង្គរក្សពិនិត្យត្រឹមត្រូវហើយអស់ទៀត”។ លោកអំពាវនាវឲ្យផ្តល់សិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានទៅយកព័ត៌មាននៅគ្រប់ទីកន្លែង។
អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)បានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានសម្រាប់ប្រទេសកម្ពុជាប្រសើរជាងប្រទេសទាំងអស់ជាសមាជិកអាស៊ាន តែសេរីភាពនេះស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។ បើតាមសន្ទស្សន៍នោះ កម្ពុជាទទួលចំណាត់ថ្នាក់លេខ១២៨សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ ដែលធ្លាក់ពីលេខ១៣៩សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៤។
ក្នុងទិវាសេរីភាពសារព័ត៌មាន៣ឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “សេរីភាពសារព័ត៌មាននៅកម្ពុជាគឺទូលំទូលាយមែនទែន។ នៅក្នុងទិវាសេរីភាពសារព័ត៌មានកាលពីម្សិលមិញ«សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» គឺបានបង្ហាញឲ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រនិងលើកស្ទួយសិទ្ឋិសេរីភាពសារព័ត៌មានក្នុងប្រទេសយ៉ាងទូលំទូលាយ ហើយចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទៅសាធារណជន ប្រជាពលរដ្ឋ និងក្នុងការពាំនាំនិងលាតត្រដាងព័ត៌មានពិត និងទាន់ហេតុការណ៍ពីគ្រប់រូបភាពនិងគ្រប់ជ្រុងជ្រោយនៃសង្គម”។
លោកបញ្ជាក់ថា៖ “នៅកម្ពុជា ការបញ្ចេញមតិត្រូវបានបើកចំហរដោយស្មើភាព ដោយគ្មានការរើសអើង ការប្រកាន់បក្ខពួកឬនិន្នាការនយោបាយអ្វីឡើយ។ មកដល់សព្វថ្ងៃនេះ យើងមានបណ្តាញសារព័ត៌មានគ្រប់រូបភាពរាប់រយរួមទាំងសារព័ត៌មានពេញនិយមOnlineជាច្រើន ជាពិសេសតាមFacebook ដែលបាននិងកំពុងធ្វើសកម្មភាពរបស់ខ្លួនដោយសេរីបំផុតនៅកម្ពុជា ក្នុងនោះគឺរួមមានទាំងសារព័ត៌មានដែលមាននិន្នាការប្រឆាំងផងដែរ”៕