សមត្ថកិច្ចខេត្តរតនគិរីកាលពីម្សិលមិញ បានចាប់ខ្លួនជនជាតិវៀតណាម២នាក់ ដោយចោទថា អ្នកទាំងនោះ លួចចូលមកកាប់ឈើនៅក្នុងទឹកដីកម្ពុជា ហើយថានឹងបន្តសំណុំរឿងទៅតុលាការ។
ក្រសួងបរិស្ថាន បានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ ខែឧសភា នេះឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែឧសភា ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានចុះល្បាតនៅ ឧទ្យានជាតិអូរយ៉ាដាវដែលទើបបង្កើតថ្មី ហើយចាប់បានជនល្មើសជាជនជាតិ វៀតណាម ចំនួន ២ នាក់ដែលលួចចូលកាប់ឈើ។
ក្រសួងបរិស្ថានបន្តថា ជនល្មើសដែលចាប់បាននោះ រួមមានវត្ថុតាង រណាយន្ត និងម៉ូតូត្រូវបានបញ្ជូនមកកាន់មន្ទីរបរិស្ថានដើម្បីកសាងសំណុំរឿងទៅតុលាការ ខេត្តរតនគិរី។ ប៉ុន្តែខណៈពេលធ្វើដំណើរបញ្ជូនមកកាន់មន្ទីរបរិស្ថាននោះជនល្មើសម្នាក់បានរត់គេចខ្លួនបាត់ដោយនៅសល់តែម្នាក់ប៉ុណ្ណោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លោក ឆាយ ធី សំដែងការគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីក្រសួងបរិស្ថានចំពោះជនជាតិវៀតណាមដែលចូលកាប់ឈើនៅប្រទេសកម្ពុជា។ លោកបន្ថែមថាជនជាតិវៀតណាមនោះ អាចប្រឈមបទល្មើសពីរ គឺឆ្លងដែនខុសច្បាប់ និង បទល្មើសកាប់ឈើខុសច្បាប់ដែលអាជ្ញាធរត្រូវតែអនុវត្តឲ្យបានតឹងរឹង។
លោកបន្ថែមថា៖ “ យើងឃើញថាបើសិនជាអនុវត្តតាមផ្លូវច្បាប់វាអាចនឹងថយបទល្មើសព្រៃឈើ បើសិនជាយើងគ្រាន់តែពិន័យនិងយោគយល់ ថាប្រទេសជិតខាងជាសម្ព័ន្ធភាព ខេត្តនិងខេត្តអី គ្រាន់តែពិន័យហើយឲ្យទៅវិញ យើងឃើញថាមិនអាចកាត់បន្ថយ បទល្មើសព្រៃឈើតាមព្រំដែនបានទេ”។
មន្ត្រីសម្របសម្រួលសមាគមអាដហុករូបនោះបន្ថែមថា ប្រជាពលរដ្ឋតែងតែផ្ដល់របាយការណ៍ថា ញឹកញាប់មានជនជាតិវៀតណាមចូលមកកាប់ឈើនៅតាមព្រំដែនកម្ពុជា។ លោកបន្ថែមថា កាលពីឆ្នាំ២០១២ អាជ្ញាធរក៏ចាប់បានជនជាតិវៀតណាមចំនួន ៧ នាក់ រួមជាមួយគ្រឿងចក្រ និង រណាយន្ត ដែលអាជ្ញាធរបានកសាងសំណុំរឿងទៅកាន់តុលាការផងដែរ៕