ក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិនបានចុះកិច្ចព្រមព្រៀងគ្នាលើការសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឆ្លងដែន និងការទប់ស្កាត់បដិវត្តន៍ពណ៌ប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិសុខជាតិ។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី ១១ ខែ ឧសភា ម្សិលមិញរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង និង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន លោក ចាវ ឃើជឺ (Zhao Kezhi) បានប្រជុំពិភាក្សាការងារនៅឯទីស្ដីការក្រសួងមហាផ្ទៃ រួចចុះអនុស្សរណៈយោគយល់គ្នា។
តាមការចុះផ្សាយដដែលប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានលើកឡើងថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន បានសន្យារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការទប់ស្កាត់នូវអំពើភេរវកម្ម ការទប់ស្កាត់ និងបង្រ្កាបនូវចលនាបដិវត្ដន៍ពណ៌ និងបទល្មើសផ្សេងៗទៀតដែលជាកត្តាធ្វើឲ្យអសន្តិសុខជាតិ និងសង្គមជាដើម ។
តាមការចុះផ្សាយដដែលលោក ផាត សុផានិត បានបន្ថែមថា នៅក្នុងកិច្ចប្រជុំនោះលោក ស ខេង និងលោក ចាវ ឃើជឺ (Zhao Kezhi) ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងការទប់ស្កាត់បទល្មើស តាមអ៊ីនធើណែត បង្រ្កាបការជំរិតទារប្រាក់តាមរយៈអ៊ីនធើណែត បទល្មើសសេដ្ឋកិច្ច ការប្រឆាំងការជួញដូរមនុស្ស និងបទល្មើសជាច្រើនទៀតផងដែរ។
តាមការចុះផ្សាយដដែលបន្ថែមថានៅក្នុងកិច្ចប្រជុំលោក ស ខេង ក៏បានស្នើសុំឲ្យភាគីចិនបន្តបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញការទប់ស្កាត់បទល្មើសផ្សេងៗដល់មន្រ្តីក្រសួងមហាផ្ទៃបន្ថែមទៀត និង បន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្របខណ្ឌជាតិ-អន្តរជាតិសំដៅការពារពីការរិៈគន់ជាសាធារណៈ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបញ្ហាសង្គមផ្សេងៗធ្វើជាលេស ។
តាមការចុះផ្សាយនោះ លោក ផាត សុផានិត ក៏លើកឡើងដែរថាលោក ស ខេង ក៏បានស្នើសុំឲ្យភាគីចិន សហការផ្លាស់ប្តូរបទពិសោធន៍ការងារគ្រប់គ្រងអង្គការសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយតាមបែបទំនើប ដើម្បីក្តាប់ឲ្យបានហ្មត់ចត់នូវចេតនាបំផ្លិចបំផ្លាញ ដែលមានគោលដៅបង្កអស្ថិរភាពសង្គម និង ផ្តួលរំលំរាជរដ្ឋាភិបាលជាដើម៕