សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រកាសចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ខាងមុខ ដោយថាដើម្បីចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលថាមានសមាជិកចំនួន ៩៩ គ្រឹះស្ថានសិក្សាជាសាមាជិកបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១៨ ខែ ឧសភាថានឹងចាត់បញ្ជូនសមាជិកសមាគមប្រមាណជាង ២០០០នាក់ ធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត ដោយពង្រាយគ្រប់រាជធានីខេត្ត ទាំងអស់លក្ខណៈចល័ត និងអចល័ត។
តាមសេចក្ដីថ្លែងការណ៍ដដែលសមាគមនោះបានលើកឡើងថាការចូលរួមសង្កេតការណ៍បោះឆ្នោតនេះគឺមានគោលបំណងចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និង សុខុមាលភាពសង្គមជាតិទាំងមូល។
បន្ថែមលើនោះសមាគមក៏មានគោលបំណងតាមដានបរិយាកាសនយោបាយ សកម្មភាពរបស់បក្សនយោបាយ និង សកម្មភាពរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៦ នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដាខាងមុខ ហើយអង្គការឃ្លាំមើលការបោះឆ្នោតធំៗចំនួន ២ គឺ អង្គការ និចហ្វិច និងខុមហ្រ្វែល បដិសេធមិនចូលរួមសង្កេតការណ៍នោះទេ ដោយព្រួយបារម្ភ រដ្ឋាភិបាលចោទភ្ជាប់ទៅនឹងសកម្មភាពបដិវត្តន៍ពណ៌។
ជាមួយគ្នានោះដែរមានបក្សនយោបាយចំនួន ៥ ក៏បានប្រកាសមិនចូលរួមការបោះឆ្នោតខាងមុខ ដូចជាបក្សភ្លើងទៀន បក្សសិទ្ធិមនុស្ស បក្សអំណាចខ្មែរ បក្សជាតិនិយម និង គណបក្សមហាសាមគ្គីជាតិខ្មែរ ដោយពួកគេលើកឡើងព្រួយបារម្ភពីបញ្ហានយោបាយនៅកម្ពុជា៕