ភ្នំពេញបានស្ថិតលើដំណើរនៃការភិវឌ្ឍជាបន្តបន្ទាប់ ដែលអាចមើលឃើញតាមរយៈអគារខ្ពស់ៗ សំណង់ប្រណិតៗជាច្រើន ដែលកំពុងរីកស្គុះស្គាយនៅក្នុងក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងរដ្ឋបាលមួយនេះ។ តែជាមួយភាពថ្កុំថ្កើន និងរីកចម្រើននេះ ភ្នំពេញហាក់មិនទាន់អាចដោះស្រាយបញ្ហាដែលកើតឡើងនៅលើដី ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបាននៅឡើយទេ។
ក្រៅពីបញ្ហានៃការកកស្ទះចរាចរណ៍ ការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកលក់ដូរ និងជាពិសេសបញ្ហាលិចទឹកក្រោយពេលមេឃភ្លៀង បានធ្វើឲ្យប្រជាពលរដ្ឋនៅភ្នំពេញខាតបង់ថវិកាជាច្រើនទៅលើបញ្ហាទាំងនេះ។
តំបន់វត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពន់ទី២ ជាឧទាហរណ៍មួយនៃបញ្ហាដែលរដ្ឋបាលរាជធានីភ្នំពេញមិនទាន់ដោះស្រាយបាននៅឡើយ ដោយពលរដ្ឋរស់នៅតំបន់នេះបញ្ជាក់ថា ជាង១០ឆ្នាំមកហើយ ពួកគេរស់នៅដោយការលំបាកជាមួយទឹកដែលហូរលិចផ្លូវនានានៃតំបន់នេះ ដែលការចំណាយទៅលើការខូចខាតចំពោះក្រុមគ្រួសាររបស់ពួកគេ គឺមិនតិចនោះទេ។
កំពុងអង្គុយជជែកគ្នាជាមួយអ្នកជិតខាងរបស់ខ្លួន អ្នកស្រី ហួន ងីម បានឲ្យអ្នកសារព័ត៌មាន VOD ដឹងថា តំបន់នេះ ក្រៅពីទឹកភ្លៀងបានហូរមកពីតំបន់ខ្ពស់ជាងហើយនោះ ទឹកក្នុងលូក៏ផុលចេញមកក្រៅផងដែរ ដែលជម្រៅលិចដល់ភ្លៅមនុស្សចាស់ និងបង្កឲ្យមានក្លិនស្អុយធ្វើឲ្យពិបាកទ្រាំជាខ្លាំង។
ខណៈចង្អុលទៅកាន់រ៉ឺម៉ក់កង់បីរបស់ប្តី អ្នកស្រីបន្ថែមថា ម៉ូតូនោះទើបតែប្តូរប្រេងម៉ាស៊ីនកាលពីម្សិលមិញដោយសារទឹកចូលម៉ាស៊ីន ខណៈអ្នកស្រីថា ពេលខ្លះមិនហ៊ានឲ្យកូនដើរទៅសាលានោះទេដោយសារទឹកជ្រៅពេក។
អ្នកស្រី ហួន ងីម ពលរដ្ឋរស់នៅម្ដុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ទី២
ពលរដ្ឋម្នាក់ទៀត លោក សុខ គយ បានឲ្យដឹងថា ទឹកលិចនៅតំបន់នេះត្រូវចំណាយពេលពី ១យប់ទៅ ២ថ្ងៃទើបស្រកអស់ ខណៈឥវ៉ាន់ មនុស្ស និងសត្វត្រូវនាំគ្នាឡើងលើគ្រែទាំងអស់ ហើយពុំបានគេងនោះទេដោយសារចង្អៀតពេក។
ពលរដ្ឋម្នាក់ទៀត លោក សុខ គយ
ពលរដ្ឋម្នាក់ទៀត អ្នកស្រីតួ ស្រីម៉ៅ ថា ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ មានការលំបាកជាខ្លាំងដោយពេលទឹកលិចមិនអាចចេញទៅរកស៊ីបាន ហើយពិបាកកន្លែងគេង។
ពលរដ្ឋម្នាក់ទៀត អ្នកស្រីតួ ស្រីម៉ៅ
ជាអ្នកប្រកបរបរលក់ខោអាវ ខ្សែក្រវ៉ាត់ កាបូបតាមម៉ូតូ លោក ឈុន ពីង ប្រាប់ថា នៅរដូវភ្លៀងនេះ ក្នុងមួយសប្តាហ៍លោកអាចចេញទៅលក់ដូរបានតែ ៥ថ្ងៃប៉ុណ្ណោះដោយសារតែថ្ងៃខ្លះភ្លៀងសាចសម្ភារៈ និងទឹកចូលម៉ាស៊ីនម៉ូតូ។ លោកចង់ឲ្យអាជ្ញាធរស្តារលូរទឹកក្នុងតំបន់លោកឲ្យបានល្អប្រសើរជាងនេះ។
ជាអ្នកប្រកបរបរលក់ខោអាវ ខ្សែក្រវ៉ាត់ កាបូបតាមម៉ូតូ លោក ឈុន ពីង
ចៅសង្កាត់បឹងទំពន់ទី២ លោក លុក ជ័យ មានប្រសាសន៍ថា បញ្ហានៅតំបន់វត្តដំបូកខ្ពស់ លោកបានស្នើសុំទៅកាន់សាលាខណ្ឌមានជ័យរកដំណោះស្រាយរួចរាល់ហើយ ដោយថា នាពេលខាងមុខ នឹងមានក្រុមការងារបច្ចេកទេសនឹងចុះមកពិនិត្យទីតាំង និងស្តារលូជូនប្រជាពលរដ្ឋ តែលោកមិនទាន់អាចបញ្ជាក់ពេលវេលាបាននៅឡើយទេ។
លោក លុក ជ័យ ចៅសង្កាត់បឹងទំពន់ទី២
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ មានប្រសាសន៍ថា មូលហេតុដែលបណ្តាលឲ្យមានការជន់លិចនេះមកពីការរៀបចំប្រព័ន្ធលូ មិនបានត្រឹមត្រូវ ជាពិសេសការចាក់លុបប្រលាយមេដែលធ្វើឲ្យទឹកហូរយឺតពេលភ្លៀង។ លោកបន្ថែមថា រដ្ឋបាលរាជធានី គួរតែលើកយកការរៀបចំប្រព័ន្ធលូជាវិស័យអាទិភាពក្នុងការអភិវឌ្ឍសម្រាប់ឆ្នាំ២០១៨នេះ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម
ជាច្រើនឆ្នាំមកហើយ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ តែងតែជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈអ្នកជំនាញរិះគន់ថា ការជន់លិចនេះ គឺបណ្តាលមកពីការលុបបឹងនានាក្នុងរាជធានីដែលជាកន្លែងស្តុកទឹកបណ្តោះអាសន្ន។
ទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញតែងតែអះអាងថា ជំនន់ទឹកភ្លៀងនេះត្រូវបានកាត់បន្ថយជាបណ្តើរៗហើយ តាមរយៈការបង្កើនស្ថានីយបូមទឹក និងបង្កើនសមត្ថភាពបូមរបស់វា៕