បណ្តាញកម្មករធ្វើការតាមផ្ទះរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានស្នើទៅរដ្ឋាភិបាល ឲ្យដាក់បញ្ចូលចំណុចមួយចំនួនទៀត បន្ថែមទៅលើខ្លឹមសារនៃប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីលក្ខខណ្ឌការងារកម្មករតាមផ្ទះ ដើម្បីឲ្យមានភាពប្រសើរ និងធានានូវការគោរពសិទ្ធិកម្មករបម្រើតាមផ្ទះ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីលក្ខខណ្ឌការងារកម្មករតាមផ្ទះកាលពីចុងខែឧសភាកន្លងមក បន្ទាប់ពីកម្មការិនីម្នាក់ ត្រូវបានរកឃើញថា រងអំពើហិង្សាពីម្ចាស់ផ្ទះជនជាតិចិន អំឡុងពេលបម្រើការងារនៅក្នុងផ្ទះ។
ទោះជាយ៉ាងណា សមាគម IDEA កាលពីចុងសប្ដាហ៍កន្លងមកនេះ បានទៅក្រសួងការងារឲ្យកំណត់ឲ្យបានច្បាស់លាស់អំពីប្រាក់ឈ្នួលគោល ម៉ោងការងារ ពេលវេលាឈប់សម្រាកដោយមានប្រាក់ឈ្នួល ការឈប់សម្រាកពេលមានជំងឺ និងកំណត់និយមន័យពីការងារដោយបង្ខំឲ្យបានច្បាស់លាស់ថែមទៀត។
សមាគមមួយនេះ ក៏បានស្នើឲ្យមានការចូលរួមអនុវត្តពីម្ចាស់ផ្ទះ និងក្រសួងពាក់ព័ន្ធបង្កើតយន្តការត្រួតពិនិត្យលើសេចក្តីប្រកាសរបស់ក្រសួងការងារ ដោយមានការចូលរួមពីបណ្តាញកម្មករធ្វើការតាមផ្ទះផងដែរ។ បន្ថែមពីនេះទៀត IDEA សុំកុំឲ្យគ្រូបឋមយកលុយ និងជួយឧបត្ថម្ភដល់កូនកម្មករធ្វើការតាមផ្ទះ បានរៀនគួដោយមិនបង់ប្រាក់។
ប្រធានសមាគម IDEA លោក វន់ ពៅ បានឲ្យដឹងបន្ថែមថា សមាគមលោកស្នើទៅរដ្ឋាភិបាលឲ្យជំរុញបន្ថែមទៀត ដើម្បីធ្វើឲ្យការអនុវត្តប្រកាសរបស់រដ្ឋាភិបាលរឹតតែមានប្រសិទ្ធភាពសម្រាប់កម្មករធ្វើការតាមផ្ទះ។
ប្រធានសមាគម IDEA លោក វន់ ពៅ
ក្រៅតែពីការស្នើបន្ថែមលើប្រកាស IDEA នៅបានបន្តស្នើឲ្យរដ្ឋាភិបាល ផ្តល់សច្ចាប័នលើអនុសញ្ញាពលកម្មអន្តរជាតិស្តីពីការងារសមរម្យសម្រាប់កម្មករធ្វើការតាមផ្ទះ។
VOD មិនទាន់ទទួលបានការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ចំពោះការស្នើសុំនេះនៅឡើយទេ ដោយទូរសព្ទចូលពុំមានអ្នកទទួល។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ ដោយតម្រូវឲ្យមានធ្វើកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ។ ក្នុងប្រកាសដែលមាន១៥មាត្រានោះ ក្រសួងតម្រូវឲ្យនិយោជក ឬម្ចាស់ផ្ទះ ទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់ និងរបបសន្តិសុខសង្គម សម្រាប់កម្មករធ្វើការតាមផ្ទះឲ្យដូចកម្មករនិយោជិតផ្សេងៗទៀតផងដែរ។
តាមរបាយការណ៍ស្រាវជ្រាវរបស់លោក កែម ឡី កាលពីឆ្នាំ២០១២ ដែល IDEA បានបញ្ជាក់ប្រាប់ ចំនួនកម្មករមប្រើការងារតាមផ្ទះនៅកម្ពុជាមានចំនួនជាង ២៥ម៉ឺននាក់៕