ប្រមុខ​រដ្ឋាភិបាលប្រកាស​ពីវិធានការក្នុងការទប់ស្កាត់តម្លៃសាំងមិនអោយឡើងថ្លៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (រូបភាព៖ FN)

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ប្រកាស​ពី​វិធាន​ការ​ក្នុងការ​ការ​បញ្ចុះ​តម្លៃ​ប្រេងសាំង​ ខណៈ​លោក​ថារយៈពេល​៥​ខែនេះ​​រដ្ឋ​បាន​ចំណាយ​ ថវិការ​ជិត​ ៨៣​លាន​ដុល្លារ​ក្នុង​ការ​រក្សា​តម្លៃ​សាំង​ឲ្យមាន​លំ​នឹង​​ដូច​បច្ចុប្បន្ន។

ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ទី​២២ មិថុនា​ នេះលោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ឲ្យ​ដឹងថាក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ​រដ្ឋាភិបាល​បាន​បញ្ចេញ​សាច់​ប្រាក់​ជិត​៨៣​លាន​ដុល្លារ​ដើម្បី​រក្សា​លំនឹង​ថ្លៃ​សាំង ហើយពេល​ខាង​មុខរដ្ឋាភិបាល​នឹង​មាន​វិធាន​ការ​ដោយ​ផ្លាស់​ប្តូរ​ការ​គិត​ពន្ធ​ថ្មី ​បញ្ចុះ​តម្លៃពន្ធ​អាករ​ពិសេសទៅលើ​ ប្រេង​សាំង និងជំរុញ​ឲ្យ​មាន​​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុនឯក​ជន​​ក្នុង​ការ​បញ្ចុះតម្លៃ។

តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ថ្មី​នេះ​លោក​នាយករដ្ឋមន្រ្តីបាន​ឲ្យ​ដឹង​ថា​ រដ្ឋ​នឹង​ខាត​បង់​ថវិការជាង៣៣លានដុល្លារ​បន្ថែម​ទៀតក្នុងមួយ​ឆ្នាំ ដើម្បី​បញ្ចុះ​តម្លៃសាំង​ចំនួន ១៦០រៀល​ (មួយរយ​ហុកសិប​រៀល) ក្នុង​មួយ​លីត្រ​ចាប់​ពី​ថ្ងៃ​ទី ​១​កក្ក​ដា​ខាង​មុខ។

១៦០​រៀល​វា​តិច​ណាស់! តែ​គិត​ល​មើល​ទៅ​ថា​ ឡាន​ខ្លះ​ចាក់ម្តង ២០​លីត្រ យើង​គិត​មើល​ទៅថា​១០​លីត្រវា ១៦០០រៀល ២០​លីត្រ៣២០០រៀលហើយ​។ ហើយ​បើ​សិន​ម៉ូតូ​ចាក់​ម្តង​១​លីត្រ ក៏គង់​យើង​សន្សំ​បាន​១៦០​រៀល​ដែរ​ក្នុង​មួយ​លីត្រ​នោះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បាន​សាទរ​​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅពេល​នេះ តែ​លោក​ថា​​គួរតែ​បញ្ចុះ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត។

យើង​គិត​ថា​១៦០​រៀល​បើ​ធៀប​ជា​មួយ​ប្រេង​ឥន្ធនៈសព្វថ្ងៃ​វា ៤ពាន់ជាងទៅ​ហើយ​តែ​វា​ជា​ជំ​ហាន​ដំបូង​ដែល​ប្រមុខ​   រដ្ឋាភិបាល​លោក​បាន ចេញ​មុខ​អន្តរាគមន៍​ទៅ​លើ​តម្លៃ​ប្រេង​ឥន្ធ​នៈនេះ។ ហើយ​អ្វី​ដែល​យើង​ចង់​បាន​នោះ​គឺ​ចង់​ឲ្យ​តម្លៃ​ប្រេង ​ឥន្ធនៈ​នៅស្រុក​ខ្មែរ​លក់​ត្រឹម​១លីត្រ​ត្រឹម​ ៣៥០០រៀល អាហ្នឹង​វា​ជា​ចំណុច​មួយ​ដែល​យើង​សាទរ​បំផុត​ដែល​យើង​គិត​ថាជាការ​ប្រសើរ​នោះ

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ

តម្លៃ​ប្រេង​សាំង​បច្ចុប្បន្ន​នៅ​រក្សា​តម្លៃ​ពី​៤០០០ ដល់​៤៣០០រៀលចំពោះ​តម្លៃ​សាំង​ធម្មតា​ហើយ សាំង​ស៊ុបពែរ​នៅ​ចន្លោះ​ពី​៤១០០ ដល់៤៥០០រៀល ។

យោងតាមគេហ​ទំព័រ​ globalpetrolprices.com តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជាមាន​តម្លៃ១,០៧​ដុល្លារ​ក្នុង​មួយ​លីត្រ​ស្ថិត​នៅ​លំ​ដាប់​លេខទី​៧ក្នុង​បណ្តាប្រទេស​នៅ​អាស៊ាន ខណៈតម្លៃ​ប្រេង​សាំង​នៅ​ប្រទេសប្រុយណេមាន​តម្លៃ​ ០,៥១ដុល្លា​ក្នុង​មួយ​លីត្រ ហើយ​ប្រទេស​សឹង្ហ​បុរីមាន​តម្លៃ ១,៦០​ដុល្លារ​ក្នុង​មួយលីត្រ។ តម្លៃ​ប្រេង​ឥន្ធ​នៈ​ក្នុងឆាក​អន្តរជាតិ​ជា​មធ្យម​មាន​តម្លៃ ១,១៦ដុល្លារ ដែលប្រហែលនឹង ៤ ៦៩០​រៀល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ