អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវបានចោទប្រកាន់ដោយតុលាការនៅព្រឹកថ្ងៃពុធនេះ ពីបទប្រព្រឹត្តិអំពើពុករលួយ ខណៈដែលការចោទប្រកាន់ ធ្វើឡើងតែ២ខែក្រោយ បន្ទាប់ពីមានរឿងអាស្រូវអំពើពុករលួយថវិការាប់ពាន់លានដុល្លារ ដែលពាក់ព័ន្ធនឹងមូលនិធិវិនិយោគរដ្ឋ 1MDB ហើយ ក៏ជារឿងរ៉ាវដ៏រស៊ើបមួយ ដែលបាននាំឱ្យគាត់បរាជ័យបរាជ័យក្នុងការបោះឆ្នោត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអេភី (AP)។
បើតាមសារព័ត៌មានអន្តរជាតិដដែល អតីតមេដឹកនាំម៉ាឡេស៊ីវ័យ៦៤ឆ្នាំរូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្តចំនួនបីករណីនិងបទចោទមួយករណីលើការប្រើប្រាស់តួនាទីខុស ខណៈតុលាការឲ្យដឹងបន្តថា បទល្មើសទាំងនោះ គឺបានប្រព្រឹត្តិឡើងចន្លោះឆ្នាំ២០១១និង២០១៥។
នៅក្នុងបន្ទប់សវនាការព្រឹកនេះនិងបន្ទាប់ពីមានការអានបទចោទម្តងមួយៗ លោក ណាជីប បានឆ្លើយតបយ៉ាងទន់ភ្លន់ថា លោកមិនមានកំហុសដូចការចោទប្រកាន់ទាំងអស់នោះទេ ហើយទាមទារការកាត់ក្តី ស្របពេលដែលរាល់បទចោទប្រកាន់ទាំនោះ នឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។
អគ្គព្រះរាជអាជ្ញា ដែលដឹកនាំក្រុមមានសមាជិក១២នាក់ បានស្នើសុំឱ្យតុលាការដាក់ប្រាក់ធានាចំនួនប្រមាណជិតមួយលានដុល្លារអាមេរិកជាសាច់ប្រាក់សុទ្ធនិងស្នើដកហូតលិខិតឆ្លងដែនរបស់ណាជីប។
ការចោទប្រកាន់លើលោក ណាជីប គឺពាក់ព័ន្ធនឹងការផ្ទេរលុយប្រមាណ១០,៥លានដុល្លារអាមេរិកពីស្ថានប័នហិរញ្ញវត្ថុ SRC International ដែលជាអតីតស្ថាប័នមួយគ្រប់គ្រងដោយមូលនិធិ 1MDB ទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក ណាជីប។ ទោះជាយ៉ាណា ក្រសួងយុត្តិធម៌អាមេរិក ឲ្យដឹងថា ថវិកាប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក ត្រូវបានផ្ទេរបញ្ចូលមូលនិធិរដ្ឋ 1MDB ដែលកាលនោះគ្រប់គ្រងដោយរដ្ឋាភិបាលលោក ណាជីប។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Channel NewsAsia។
លោក ណាជីប គឺជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដំបូងគេ ដែលប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។
អតីតមេដឹកនាំម៉ាឡេស៊ី ដែលទើបបាត់បង់តំណែងតាមរយៈការបោះឆ្នោតជាការសម្រេចពីពលរដ្ឋកាលពីខែឧសភាកន្លងទៅនេះ ធ្លាប់បានត្អូញត្អែរថា លោកកំពុងតែរងគ្រោះដោយសារតែសមត្ថកិច្ចចាត់វិធានការលើរូបលោក ក្រោមរូបភាពនយោបាយសងសឹក៕