គណៈកម្មការអឺរ៉ុបបានរម្លឹកពីការជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា ខណៈដែលព្រមានថា វិធានការជាក់លាក់មួយអាចនឹងត្រូវដាក់ទៅលើរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ ប្រសិនជាគ្មានការវិវត្តន៍ណាមួយប្រសើរនោះទេ។
ក្នុងសេចក្តីប្រកាសចុះថ្ងៃទី៣ ខែកក្កដា ដែល VODទើបទទួលបាននៅថ្ងៃនេះ តំណាងគណៈកម្មការអឺរ៉ុប លោកស្រី Federica Mogherini បានថ្លែងថា ការបន្តឃុំខ្លួនមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាការបារម្ភរបស់សហភាពអឺរ៉ុប ហើយក្រុមប្រឹក្សាអឺរ៉ុបអាចនឹងមានវិធានការជាក់លាក់ណាមួយដាក់សម្ពោធទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យស្ដារស្ថានភាពនៅកម្ពុជាឲ្យបានប្រសើរឡើង។
សេចក្តីប្រកាសនោះលើកឡើងថា៖ «កាលវិភាគសម្រាប់ការអនុវត្តវិធានការកំណត់គោលដៅណាមួយ នឹងអាស្រ័យលើលទ្ធផលនៃការពិភាក្សានៅក្នុងក្រុមប្រឹក្សា»។
កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបអាចនឹងចាប់ផ្តើមនៅថ្ងៃទី១៨ តុលា ឆ្នាំ២០១៨ ខាងមុខ។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បាននៅឡើយទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គ្មានសម្ពាធពីអន្តរជាតិណាដែលអាចចាប់បង្ខំឲ្យកម្ពុជាដោះលែងលោក កឹម សុខា និងឲ្យបក្សសង្គ្រោះជាតិអាចបង្កើតឡើងវិញបានទេ តែលោកបានស្វាគមន៍ទៅគណៈប្រតិភូអឺរ៉ុបក្នុងការចុះមកស្វែងរកការពិតមុនសម្រេចពីវិធានការនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
ក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សាកិច្ចការបរទេសនៃសហភាពអឺរ៉ុប ដែលតំណាងឲ្យ ២៨ប្រទេស បានចេញសេចក្ដីសន្និដ្ឋានមួយស្ដីពីបញ្ហាកម្ពុជា ដែលមាន ១២ចំណុច ដោយក្រើនរម្លឹករដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដូចជា ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍បង្ក្រាបសំឡេងរិះគន់ ដោះលែង លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងការបោះឆ្នោតនាខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ។
ក្នុងសេចក្ដីសន្និដ្ឋាន សហភាពអឺរ៉ុបក៏ព្រមានជាថ្មីពីការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធគយដល់កម្ពុជាផងដែរ ប្រសិនបើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនព្រមដោះលែង លោក កឹម សុខា និងធានាបរិយាកាសនយោបាយល្អប្រសើរនៅមុនការបោះឆ្នោត។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី បានលើកឡើងប្រាប់វីអូឌីកាលពីខែកុម្ភៈថា បើអឺរ៉ុបដាក់ទណ្ឌកម្មមែន រដ្ឋាភិបាលនឹងជួបបញ្ហាជាច្រើន ដូចជា ភាពអត់ការងារធ្វើរបស់ពលរដ្ឋ អសន្ដិសុខសង្គម និងវិបត្តិផ្ទៃក្នុងជាដើម។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញាឆ្នាំមុន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣៕