ខណៈសេចក្តីជូនដំណឹងឲ្យថៅកែបើកប្រាក់ខែបុគ្គលិកឲ្យបានមុនថ្ងៃបោះឆ្នោត ក្រសួងការងារក៏បានជំរុញទៅសាលាបចេ្ចកទេស ឲ្យអនុញ្ញាតឲ្យសិស្សឈប់សម្រាកបីថ្ងៃផងដែរ ដោយថា ដើម្បីងាយស្រួលទៅបោះឆ្នោត។
សេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបទៅគណៈគ្រប់គ្រងសាលាបណ្ដុះបណ្ដាលបច្ចេកទេសនៅទូទាំងប្រទេស អនុញ្ញាតឲ្យសិស្សដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ខ្លួន បានឈប់សម្រាកចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ដើម្បីបង្កការងាយស្រួលក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ខាងមុខ។
ក្រសួងបញ្ជាក់ថា ការជំរុញនេះធ្វើតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិលើកទី៦ នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។
កាលពីខែមុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជូនដំណឹងឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន ៣ថ្ងៃ ដើម្បីបានចូលរួមការបោះឆ្នោតខាងមុខនេះ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ កម្មករឈប់សម្រាកបានតែនៅថ្ងៃបោះឆ្នោតប៉ុណ្ណោះ៕