យ៉ាងហោចណាស់មានមនុស្ស៧៤នាក់បានស្លាប់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ដែលបង្កឡើងដោយរគ្រោះធម្មជាតិរន្ទះបាញ់ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ។
អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា រន្ទះបានបាញ់បានសម្លាប់មនុស្ស៧៤នាក់ និង រងរបួស៤៩នាក់សំរាប់ឆមាសទីមួយឆ្នាំ២០១៨នេះ ដែលមានអ្នកស្លាប់កើនឡើង២៧នាក់ប្រៀបធៀបឆ្នាំ២០១៧ ក្នុងរយៈពេលដូចគ្នា។ ក្នុងឆ្នាំ២០១៧ រន្ទះបានសម្លាប់មនុស្សតែ៤៧នាក់ និងរបួស៤៨ប៉ុណ្ណោះ។ រន្ទះបាញ់នេះក៏បានសម្លាប់ គោ-ក្របី ៨០ក្បាល ហើយខូចខាតផ្ទះសំបែងចំនួន ១២ខ្នងផងដែរ។
លោកកែវ វី បានបន្តថាគ្រោះធម្មជាតិខ្យល់ព្យុះកើតឡើង ១៣៩លើក ហើយបណ្ដាលឲ្យពលរដ្ឋស្លាប់ចំនួន ៣នាក់ របួសចំនួន ៣១នាក់ ព្រមទំាងធ្វើឲ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៥៣២ខ្នង ផ្ទះខូចខាតមធ្យមចំនួន ២០២៥ខ្នង របើកដំបូលសាលារៀន ១៨អាគារ និងអាគារផ្សេងៗទៀតចំនួន ៩អាគារ សំរាប់ប្រាំមួយខែដើមឆ្នាំ២០១៨ ដែលមានចំនួនខូចខាតប្រហាក់ប្រហែលឆ្នាំ២០១៧ដែរ។
លោកកែវ វី បានបន្ថែមថាអាជ្ញាធរខេត្តបានបញ្ជូនកងកម្លាំងជួយសង្រ្គោះពេលដែលគ្រោះមន្តរាយកើតមានហើយបន្ទាប់ពីគ្រោះមហន្តរាយកើតឡើងអាជ្ញាធរខេត្តនីមួៗក៏បាន ផ្ដល់ជាជំនួយសង្គ្រោះបន្ទាន់នានាដែលមានដូចជា អង្ករ និងសំភារៈផ្សេងៗ។
ក្រសួងជំនាញនិងគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចែកព្រឹត្តិប័ត្រផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពី ការព្យាករណ៍អាកាសធាតុ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។