អាជ្ញាធរខេត្តកំពត បានឲ្យដឹងថា ក្រុមហ៊ុនវារីអគ្គិសនីចិន ស៊ីណូហាដ្រូកំចាយ បានសម្រេចពន្យារពេលបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយវិញ ក្រោយពីរកឃើញថា បរិមាណ និងកម្ពស់ទឹក មិនបានកើនឡើងលើសបរិមាណនោះឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ បានប្រកាសថា ក្រុមហ៊ុននឹងបើកទ្វារទំនប់វារីអគ្គិសនីមួយនេះនៅម៉ោង ៥ល្ងាច បន្ទាប់ពីរកឃើញថា លំហូរទឹកចូលក្នុងអាងទំនប់វារីអគ្គិសនី បានកើនឡើងក្នុងកម្រិត ១៤៥០ម៉ែត្រគូបក្នុងមួយវិនាទី ហើយកម្ពស់ទឹកបានហក់ឡើងខ្ពស់រហូតដល់ ១៤៦.៧០ម៉ែត្រ។
ប៉ុន្តែ អភិបាលរងខេត្តកំពត លោក សឹម វុទ្ធា បានប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃនេះថា ការបើកទ្វារទំនប់វារីអគ្គិសនីនោះ ត្រូវបានពន្យារទៅវិញ ដោយលោកថា ភ្លៀងបានរាំងទៅហើយ។
អភិបាលរងខេត្តរូបនេះ បានអះអាងថា អាជ្ញាធរតែងតែជូនដំណឹងជាមុនអំពីការបើកទ្វារទំនប់វារីអគ្គិសនី ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅជុំវិញបរិវេណទំនប់វារីអគ្គិសនី ប្រុងប្រយ័ត្ន។
ទំនប់វារីអគ្គិសនីកំចាយ ត្រូវបានបើកបង្ហូរទឹកម្ដងរួចមកហើយកាលពីឆ្នាំ២០១៥កន្លងមក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេល ២ថ្ងៃ ដែលបង្កឲ្យជន់លិចឃុំចំនួន ៣ នៅក្នុងស្រុកទឹកឈូរ និងជន់លិចផ្ទះសម្បែងពលរដ្ឋជិត ២ពាន់គ្រួសារ។
ទំនប់វារីអគ្គិសនីកំចាយ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១១ ដែលផលិតថាមពលបាន ១៩៣,២មេហ្គាវ៉ាត់៕