រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនគ្រប់រាជធានី ខេត្តដាក់ឲ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋឲ្យបានមុនបោះឆ្នោតដោយថា ដើម្បីផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
នេះបើតាមលិខិតមួយរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១២ ខែ កក្ដដា ផ្ញើរទៅកាន់អភិបាលនៃគណៈអភិ បាលរាជធានី ខេត្ត ស្ដីពីការរៀបចំដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តសម្រាប់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងលិខិតដដែលនោះក្រសួងមហាផ្ទៃបន្តថាណែនាំឲ្យរដ្ឋបាលរាជធានី ខេត្តដែលមិនទាន់បានរៀបចំទីតាំង និងបំពាក់សម្ភារសម្រាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋត្រូវពន្លឿនការរៀបចំឲ្យបានរួចរាល់នៅដើមខែកក្កដានេះ។
បន្ថែមលើនោះក្រសួងមហាផ្ទៃក៏បញ្ជាឲ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវជំរុញ និងដាក់ចេញនូវសេចក្ដីសម្រេច ស្ដីពីការកំណត់ប្រភេទសេវា និងក្របខណ្ឌពេលវេលាជាក់លាក់ដែលត្រូវផ្ដល់យោបល់បច្ចេកទេសដោយមន្រ្តីដែលបានចាត់តាំងឲ្យបំពេញការងារនៅផ្នែកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយព្រមទាំងប្រភេទសេវា និង ក្របខណ្ឌពេលវេលាដែលត្រូវផ្ដល់យោបល់បច្ចេកទេសនៅមន្ទីរជំនាញ។
ជាងនេះទៅទៀងរដ្ឋាភិបាលក៏ចាត់ឲ្យអភិបាលរាជធានី ខេត្តទទួលខុសត្រូវរៀបចំដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្នុងការចាត់ចែង ណែនាំ ត្រួតពិនិត្យ តាមដាននិងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពដើម្បីដាក់ឲ្យបានដំណើរការនូវច្រកចេញចូលតែមួយឲ្យបានរួចរាល់នៅសប្ដាហ៍ទី ៣ នៃកក្ដដានេះ៕