ប្រជាពលរដ្ឋ ខ្មែរ និង ខ្មែរ-វៀតណាម ជាង៦០គ្រួសារ ក្នុងខណ្ឌឬស្សីកែវ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីសប្តាហ៍មុន កំពុងជួបការលំបាកក្នុងការរស់នៅ និងជួបបញ្ហាខ្វះខាតថវិកាដើម្បីសង់ផ្ទះឡើងវិញ។
ពំនូកផេះ សំភារៈប្រើប្រាស់ដែលបានឆេះ នៅរប៉ាត់រប៉ាយ ដោយពុំទាន់បានបោសសម្អាតនៅឡើយនោះទេ។ ផ្ទះខ្លះបានឆេះទាំងស្រុងដោយសល់តែផេះ ផ្ទះខ្លះទៀតសល់តែជើងសសរឫគ្រោងផ្ទះដែលមានពណ៌ខ្មៅ។ តង់តូចៗបានសង់ឡើងសំរាប់រស់នៅបណ្តោះអាសន្ន។ អ្នកភូមិមានការមមាញឹកក្នុងការសាងសង់ផ្ទះឡើងវិញ ប៉ុន្តែពួកគាត់បានត្អូញត្អែរថា ពុំមានថវិកាគ្រប់គ្រាប់ដើម្បីសង់ផ្ទះថ្មីនោះទេព្រោះអគ្គីភ័យបានលេបត្របាក់ទ្រព្យសម្បត្តិពួកគាត់គ្មានសល់នោះឡើយ។
ស្ថិតក្នុងទឹកមុខក្រៀមក្រំ ស្ត្រីវ័យ៦៨ឆ្នាំ ឈ្មោះ សុខ ភី ជនជាតិខ្មែរ និងជាជនរងគ្រោះនៅតំបន់ខាងលើ បាននិយាយប្រាប់អ្នកសារព័ត៌មានវីអូឌីថា ពេលនេះអ្នកស្រីនៅសល់តែខោអាវមួយកំផ្លេជាប់ខ្លួនតែប៉ុណ្ណោះ។ នៅពេលអគ្គីភ័យកើតឡើង អ្នកស្រី និងក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិ បានរត់ចេញពីផ្ទះដើម្បីសុវត្ថិភាពតែប៉ុណ្ណោះ។ អ្នកខ្លះរត់ឡើងទៅផ្លូវធំ ខ្លះទៀតរត់ចុះទៅទន្លេខាងក្រោម ហើយភាគតិចណាស់ដែលយកបានរបស់របរនៅក្នុងផ្ទះ។
ស្ត្រីវ័យ៦៨ឆ្នាំ ឈ្មោះ សុខ ភី ជនជាតិខ្មែរ និងជាជនរងគ្រោះនៅតំបន់
សព្វថ្ងៃនេះក្រុមគ្រួសារអ្នកស្រី សុខ ភី ស្នាក់នៅក្រោមតង់បណ្តោះអាសន្ន និងពេលខ្លះសុំផ្ទះអ្នកជិតខាងស្នាក់អាស្រ័យពេលមានភ្លៀង។
អ្នកស្រី សុខ ភី បានបន្តទៀតថា ៖«សម្រាន្តនៅហ្នឹង ដីហ្នឹង ផ្ទះហ្នឹង!! ធ្វើរោងប្រក់តង់ ហើយសុំផ្ទះគេនៅជ្រកតិច ទម្រាំតែធ្វើផ្ទះហើយ។ »
អ្នកស្រី សុខ ភី បានបន្ថែមថា ក្រោយអគ្គីភ័យកើតឡើង កាកបាទក្រហមកម្ពុជាបានផ្តល់អំណោយជាសំភារៈប្រើប្រាស់ និង គ្រឿងបរិភោគមួយចំនួន។ បន្ទាប់មក សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បានផ្តល់ម្ហូបអាហារ និងសម្លៀកបំពាក់ ហើយសន្យាផ្តល់ថវិកា៧០០ដុល្លារក្នុងមួយគ្រួសារសំរាប់សង់ផ្ទះថ្មី។
ជនរងគ្រោះដោយអគ្គីភ័យម្នាក់ទៀត អ្នកស្រី សៅ ចាន់ថា អាយុ៤១ឆ្នាំ ជនជាតិខ្មែរ-វៀតណាម មានសមាជិកគ្រួសារ ៧នាក់ និងបានរស់នៅទីនោះជាង៣០ឆ្នាំមកហើយ។ អ្នកស្រី បានរៀបរាប់ទាំងទឹកមុខអស់សង្ឃឹមថា ផ្ទះអ្នកស្រីឆេះគ្មានសល់អ្វីនោះទេ ព្រោះផ្ទះ អ្នកស្រីនៅរំលងផ្ទះដែលបង្កហេតុតែមួយខ្នងប៉ុណ្ណោះ។ អ្នកភូមិនៅទីនោះមានការខឹងសម្បារយ៉ាងខ្លាំង ហើយមិនអនុញ្ញាតិអោយម្ចាស់ផ្ទះបង្កហេតុត្រឡប់មកសាងសង់ផ្ទះនៅទីនោះវិញទេ ដោយរង់ចាំរហូតដល់អ្នកភូមិនៅទីនោះសាងសង់ផ្ទះរួចរាល់សិន។
ជនរងគ្រោះដោយអគ្គីភ័យម្នាក់ទៀត អ្នកស្រី សៅ ចាន់ថា
អ្នកស្រី ចាន់ថា កំពុងរៀបចំសាងសង់ផ្ទះឡើងវិញ ប៉ុន្តែអ្នកស្រីព្រួយបារម្ភពីបញ្ហាកង្វះថវិកាក្នុងការសាងសង់ផ្ទះ។ អ្នកស្រីបានសំណូមពរដល់អាជ្ញារធរ និង សប្បុរសជនជួយអ្នកស្រីក៏ដូចអ្នករងគ្រោះផ្សេងទៀត។
ជនរងគ្រោះដោយអគ្គីភ័យម្នាក់ទៀត អ្នកស្រី សៅ ចាន់ថា
ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី បានប្រាប់វីអូឌីតាមទូរសព្ទថា សមាគមរបស់លោកបាននាំយកអំណោយ និងថវិកាមួយចំនួនពីសប្បុរសជនវៀតណាម មកផ្តល់ជូនគ្រួសាររងគ្រោះ។ សមាគម បាននឹងកំពុង ស្វះស្វែងរកជំនួយរពីសប្បុរសជននានាដើម្បីជួយឧបត្ថមដល់គ្រួសាររងគ្រោះទាំងអស់។ សមាគម នឹងផ្តល់ថវិកា ៦៥០ដុល្លារក្នុងមួយគ្រួសារសំរាប់សង់ផ្ទះឡើងវិញ ហើយប្រសិនបើសមាគមទទួលបានការឧបត្ថមច្រើន គ្រួសារនិមួយៗនឹងទទួលបានលើសពី៦៥០ដុល្លារ។
ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ស៊ឹម ជី
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី សុំមិនធ្វើការអត្ថាធិប្បាយ ហើយបានបង្វែរសំនួរទៅ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី។ ប៉ុន្តែ លោក ជា ពិសី បានបដិសេធធ្វើការអត្ថាធិប្បាយតាមទូរសព្ទ។
អគ្គីភ័យបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរ និង ខ្មែរ-វៀណាម ៦៤ខ្នង ក្នុងខណ្ឌឬស្សីកែវរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ដែលបង្កឡើងដោយឆ្លងចរន្តអគ្គិសនី ក្នុងផ្ទះជនជាតិខ្មែរ-វៀតណាម តែពុំបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតឬរបួសនោះទេ។