ប្រទេសកម្ពុជាបានសម្រេចនាំអំបិលចូលពីប្រទេសចិនចំនួន ៣ម៉ឺនតោនក្នុងឆ្នាំ២០១៨នេះ សំរាប់បំពេញតម្រូវការរបស់ប្រជាជនក្នុងស្រុក ដោយសារភ្លៀងធ្លាក់ខ្លំាងដែលធ្វើឲ្យកសិករមិនអាចផលិតអំបិលបាន។
ប្រធានសមាគមផលិតអំបិលប្រចាំខេត្តកែបនិងកំពត លោក ប៊ុន បារាំង បានប្រាប់វីអូឌីឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០១៨ សមាគមរបស់លោក និង អភិលបាលខេត្តកំពត លោក ជាវ តាយ បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីកង្វះអំបិល សំរាប់ផ្គត់ផ្គង់ក្នុងស្រុក។ កិច្ចប្រជុំបានសម្រេចនាំអំបិលចូល ៣ម៉ឺនតោន ពីប្រទេសចិន សំរាប់ចែកចាយលើទីផ្សារ។
លោក បារាំង បាននិយាយថា អំបិលនឹងនាំចូលដល់ប្រទេសកម្ពុជា ក្នុងខែ តុលា ឆ្នាំ២០១៨ ស្របពេលដែលអំបិលកម្ពុជាអស់ពីស្តុក។ តម្លៃអំបិលនឹងថ្លៃជាងអំបិលដែលផលិតក្នុងប្រទេសកម្ពុជា ដោយឡើងពី៣៥០រៀលក្នុង១គីឡូក្រាម ទៅ ៥០០រៀលក្នុងមួយគីឡូក្រាម ព្រោះត្រូវចំណាយទៅលើសេវាការដឹកជញ្ជូនពីប្រទេសចិន។
ក្នុងមួយឆ្នាំៗប្រទេសកម្ពុជាត្រូវការអំបិលប្រមាណ ១០ម៉ឺនតោនសំរាប់បំពេញតម្រូវការក្នុងស្រុក ប៉ុន្តែក្នុងឆ្នាំ២០១៧ ផលិតបានត្រឹមតែ ៣ម៉ឺន ៣ពាន់តោនប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០១៨ពុំបានផលិតនោះទេ។
ដោយមានភ្លៀងធ្លាក់ច្រើន។ កម្ពុជាមានកសិដ្ឋានផលិតអំបិល៧កន្លែង ក្នុងខេត្តកែបនិងកំពត ដោយមានផ្ទៃដីសរុបចំនួន ៤៦០០ ហិចតា ក្នុងនោះមានក្រុមផលិតករចំនួន ២០០នាក់។
កាលពីឆ្នាំ២០០៨ ប្រទេសកម្ពុជាបានជួបបញ្ហាកង្វះអំបិលប្រើប្រាស់ម្តងរួចហើយ ដោយសារមានភ្លៀងធ្លាក់ច្រើន ហើយបានទិញអំបិល ៣ម៉ឺនតោនមកពីប្រទេសចិន។