កាលពីថ្ងៃទី១ខែឧសភាកន្លងទៅមានអ្នកតវ៉ាមួយក្រុមមានគ្នា១០០នាក់បានប្រមូលផ្តុំនៅកន្លែងល្បីឈ្មោះមួយសម្រាប់អ្នកទេសចរក្នុងទីក្រុងបារីស។ ទីតាំងនោះមានឈ្មោះ De La Contrescarpe។
ក្នុងពេលតវ៉ានោះមានហិង្សាផ្ទុះឡើងហើយសមត្ថកិច្ចបង្ក្រាបកុប្បកម្មបណ្តាលឲ្យអ្នកតវ៉ាមួយចំនួនរងរបួសធ្ងន់។
ក្រោយមកសិស្សសាលាម្នាក់អាយុ២១ឆ្នាំឈ្មោះ Taha Bouhafs បានថតវីឌីអូ នៅកន្លែងកើតហេតុហើយដាក់បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម។ វីឌីអូនោះបង្ហាញរូបភាពបុរសម្នាក់ពាក់មួកនគរបាល មានសម្លៀកបំពាក់ជាជនស៊ីវិលទៅចាប់ទាញស្រ្តីម្នាក់ចេញពីកន្លែងតវ៉ាវាយដំជាន់នៅលើដី ហើយបានទៅទាញបុរសម្នាក់ទៀតវាយដំដូចគ្នាធ្វើឲ្យអ្នកទាំងពីររបួសធ្ងន់។
ទោះយ៉ាងណាគេមិនបានដឹងថា បុរសម្នាក់នោះជាអ្នកណានោះទេ ប៉ុន្តែក្រោយមកកាសែតល្បីឈ្មោះមួយរបស់បារាំង Le Monde បានស្រាវជ្រាវនិងផ្ទៀងផ្ទាត់បានឲ្យដឹងថា បុរសម្នាក់នោះឈ្មោះ Alexandre Benalla ជាប្រធានរៀបចំក្រុមអង្គរក្សការពារសុវត្ថិភាពឲ្យលោក ប្រធានាធិបតី អ៊ីម៉ាណូលអែល ម៉ាក្រុន។
ក្រោយសារព័ត៌មានល្បីឈ្មោះមួយនេះចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងមហាផ្ទៃ និងស្ថាប័អយ្យការចាប់ផ្តើមបើកការស៊ើបអង្កេត។
ចំណែកមហាជននៅក្នុងប្រទេសបារាំងក្រោយពេលទទួលបានព័ត៌មានថា អ្នកវាយដំលើអ្នកតវ៉ាជាអង្គរក្សជំនិតរបស់លោក ម៉ាក្រុន ពួកគេសម្តែងការតក់ស្លុតហើយទាមទារឲ្យមានការស៊ើបអង្កេតនិងផ្តន្ទាទោសតាមច្បាប់។
ក្រោយការប្រតិកម្មខ្លាំងពីមហាជនសា្ថប័នប្រធានាធិបតីបារាំងចេញមុខប្រកាសថា អង្គរក្សរូបនេះ ទទួលការដាក់ទណ្ឌកម្មរួចហើយ និងបានព្យួរការងារទៀតផង។ ប៉ុន្តែការគ្រាន់តែព្យួរការងារនេះមិនបានធ្វើឲ្យសាធារណជនស្ងប់ចិត្តទេ។
បើតាមការអះអាងរបស់វិមានប្រធានាធិបតី បញ្ជាក់ថា ពួកគេបានដឹងរឿងនេះ ហើយគ្រាន់តែមានការដាក់ពិន័យក្នុងអង្គភាពមិនបានឲ្យសមត្ថកិច្ចជំនាញស៊ើបអង្កេតនិងផ្តន្ទាទោសទៅតាមច្បាប់នោះទេ។ ប៉ុន្តែដល់ដំណាក់កាលនេះគឺអ្វីៗគ្រប់យ៉ាងត្រូវដំណើរការតាមច្បាប់ហើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកGerard Collomb ក៏បានដាក់បញ្ជាឲ្យបើកការស៊ើបអង្កេតផងដែរថា ហេតុអ្វីបានជានគរបាលផ្សេងៗទៀតនៅទីនោះបណ្តោយឲ្យអង្គរក្សរូបនោះវាយអ្នកតវ៉ារហូតដល់របួសធ្ងន់ធ្ងរ។
នាយករដ្ឋមន្ត្រី Edouard Phillippe ថ្លែងថា សំឡេងរិះគន់លើករណីនេះកំពុងរាលដាលទូទាំងប្រទេស ហើយលោកចាត់ទុកថា រឿងនេះជារឿងដែលគួរឲ្យតក់ស្លុតបំផុត។
ក្នុងដំណាក់កាលនេះ លោកប្រធានាធិបតី ម៉ាក្រុន មិនត្រឹមតែមិនអាចជួយអ្វីបានដល់អង្គរក្សជំនិតរូបនេះទេ ថែមទាំងអាចនឹងត្រូវចេញមុខប្រកាសសុំទោសជាសាធារណៈទៀត។