ធនាគារជាតិនៃកម្ពុជាបានរំឭកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ថា មិនគួរដាក់កម្លាំងប្រដាប់អាវុធយាមនៅក្នុងឬនៅក្បែរស្ថាប័ននោះទេ ដោយថា បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញហើយ។
នៅក្នុងលិខិតរបស់ធនាគារជាតិចុះថ្ងៃទី២០ខែកក្កដា បានលើកឡើងថា ការប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធនៅក្នុងឬក្បែរបរិវេណគ្រឹះស្ថានផ្តល់ប្រាក់កម្ចី ជាការមិនចាំបាច់ទេសម្រាប់ស្ថានភាពបច្ចុប្បន្ន។
លិខិតនោះសរសេរថា៖
ធនាគារជាតិកម្ពុជា មិនលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធនៅក្នុង ឬ ក្បែរបរិវេណទីស្នាក់ការរបស់ខ្លួននៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ
ធនាគារជាតិក៏បានបង្ហាញក្ដីបារម្ភដែរថា ការប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធការពារនៅក្នុង ឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួនអាចបង្កហានិភ័យក្នុងករណីណាមួយដល់ អាយុជីវិតប្រជាពលរដ្ឋនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។