អង្គការជនពិការកម្ពុជា បានបដិសេធ ចំពោះជនខិលខូចដែលបានយកឈ្មោះអង្គការរបស់ខ្លួនទៅបំផុសបំផុលមិនឲ្យយុទ្ធជនជាជនពិការទៅបោះឆ្នោត ហើយបានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមសេចក្ដីថ្លែងការណ៍ អង្គការជនពិការកម្ពុជា ហៅកាត់ថា (CDPO) ចេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះថា មានជនខិលខូចមួយចំនួនបានយកឈ្មោះ អង្គការជនពិការកម្ពុជា និងអង្គការបណ្ដាញជនពិការជួយខ្លួនឯង ទៅប្រើប្រាស់ដើម្បីបំផុសបំផុលមិនឲ្យអតីតយុទ្ធជនជាជនពិការ និងជនមានពិការភាពទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនាថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលផ្ទុយពីគោលជំហររបស់អង្គការជនពិការកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា អង្គការជនពិការកម្ពុជា ក៏បានប្រកាសឲ្យអតីតយុទ្ធជនពិការ និងជនពិការទំាងអស់ប្រើប្រាស់សិទ្ធនយោបាយដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ នាថ្ងៃខាងមុខនេះទាំងអស់គ្នា។
អង្គការជនពិការកម្ពុជាបាន អំពាវនាវដល់សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ដល់ជនខិលខូចដែលបានប្រើឈ្មោះអង្គការបស់ខ្លួន។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹង៥ ពីគណក្សប្រជាជានកម្ពុជា ដែលប្តឹងអតីតសមាជិកបក្សសង្រ្គោះជាតិ ជាប់ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត។