សាលារាជធានីភ្នំពេញត្រៀមកម្លាំងការពារសន្តិសុខជាង៤ ៦០០នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី បានចុះពិនិត្យកងកម្លាំងនគរបាលនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនៅព្រឹកនេះ ដើម្បីត្រៀមការការពារសន្ដិសុខ សម្រាប់ដំណើរការបោះឆ្នោតក្នុងអណត្តិទី៦។ យោងតាមហ្វេសបុកផេក (Facebook Page) របស់រដ្ឋបាលរាជធានីភ្នំពេញ។
ប្រភពដដែលឲ្យដឹងថា កងកម្លាំងនគរបាលជាតិចំនួន ៤ ៦២៥នាក់ នឹងដាក់ប្រចាំការនៅតាមគោលដៅ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខសុវត្ថិភាពដល់ប្រជាពលដ្ឋ ឥស្សរជននយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោត។