ខុសពីតារាសិល្បៈមួយចំនួន ដែលមិនសូវនឹកនា និងមិនដឹងពីការបណ្ដុះបណ្ដាលរបស់ស្ដេចវីយូឡុង លោក អ៊ុំ ដារ៉ា ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះតាំងពីជំនាន់សង្គមរាស្រ្តនិយមផង ដែលធ្លាក់ខ្លួនពិការ និងលែងមានឥទ្ធិពលក្នុងសិល្បៈពេលនេះ តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ បែរជាលាតត្រដាងដោយមិនលាក់លៀមថា លោកគឺជាអ្នកមានគុណដ៏ធំក្នុងសិល្បៈដែលជួយអោយអ្នកនាងមានថ្ងៃនេះ។
ទោះជាបានត្រឹមតែជូនកាដូ និងប្រគល់ថវិកាចំនួន២០០ដុល្លារក្នុងឱកាសចុះទៅសួរសុខទុក្ខនោះ តែអ្នកនាងប្រាប់ថាដរាបណាអ្នកនាងនៅតែមានជីវិតនោះអ្នកនាងនឹងចងចាំគុណជានិច្ចរបស់លោកមិនភ្លេចនោះឡើយ។
អ្នកនាងឈួន សុវណ្ណឆៃ បានថ្លែងក្នុងពេលទៅដល់កន្លែងលោក អ៊ុំ ដារ៉ា ព្យាបាលឆ្អឹងនៅតាខ្មៅកាលពីថ្ងៃទី២ សីហា ថាលោក អ៊ុំ ដារ៉ា និងតន្ត្រីករម្នាក់ទៀតដែលជាមិត្តរបស់លោក គឺជាអ្នកមានគុណមិនអាចខ្វះបានដែលជួយអោយអ្នកនាងបានក្លាយជាតារាសិល្បៈមួយរូបមកទល់ពេលបច្ចុប្បន្ន។
អ្នកនាងបានទាំងចាត់ទុកថាជំហានជោគជ័យរបស់ខ្លួននៅក្នុងពេលនេះ បើគ្មានលោក អ៊ុំ ដារ៉ា រួមចំណែកដ៏ធំ គឺមិនអាចនឹងដល់គោលដៅ និងមិនក្លាយជាតារាដែលមានឈ្មោះបោះសំឡេងនោះផង។
អ្នកនាងថា ក្រោយពេលប្រលងចម្រៀងនៅប៉ុស្ដិ៍លេខ៥ ក្នុងអំឡុងឆ្នាំ១៩៩៩ អ្នកនាងអត់មានសង្ឃឹមថាបានក្លាយជាតារាចម្រៀងនោះទេ ដោយសារតែអ្នកនាងនៅក្នុងពេលនោះខ្មៅក៏ខ្មៅ អាក្រក់ក៏អាក្រក់ ហើយអត់មានសូម្បីផ្ទះសម្បែងដើម្បីរស់នៅភ្នំពេញ។
ប៉ុន្តែលោកអ៊ុំ ដារ៉ា ដែលបានស្គាល់នាងនៅក្នុងពេលចូលប្រលង ក៏ហៅអោយនាងបានច្រៀងក្នុងក្រុមយោធាភិរម្យ ដោយទទួលបានប្រាក់ខែប៉ុន្មានម៉ឺនរៀល និង អង្ករ២០គីឡូ។
ដោយដឹងថាអ្នកនាងពិបាករស់នៅភ្នំពេញនោះទៅទៀត លោកក៏បានជួយអោយអ្នកនាងរកហាងបានច្រៀង ហើយជាលទ្ធផលលោកក៏បានទាំងសុំអោយក្រុមតន្ត្រីដំឡើងអង្ករអោយអ្នកនាងបានមួយខែមួយបាវ និងប្រាក់បន្ថែម ដើម្បីអោយអ្នកនាងអាចបន្តរស់នៅភ្នំពេញ ក្នុងពេលដែលអ្នកនាងចង់រត់ទៅរស់នៅខេត្តបន្ទាយមានជ័យវិញ។
អ្នកនាងថាតាំងពីបានទទួលការបណ្ដុះបណ្ដាលពីលោកគ្រូ អ៊ុំ ដារ៉ា លោកបាននិពន្ធបទថ្មីអោយអ្នកនាងបានច្រៀង៣បទ ដោយគ្រាន់តែបទទាំងនោះមិនត្រូវបានចេញលក់ក្រោយពេលថតចប់ តែមិនដឹងថាតើ លោកអ៊ុំ ដារ៉ា រក្សាទុក ឬធ្វើអោយបាត់បង់ទៅហើយ ក្នុងពេលដែលលោកពេលនេះក្រៅពីធ្លាក់ខ្លួនពិការ ក៏វង្វេងវង្វាន់ស្មារតីមិនដូចមុន។
អ្នកនាងទទូចអោយតារាសិល្បៈ ដែលធ្លាប់ទទួលបានការបង្ហាត់បង្ហាញផ្លូវពីលោក ហើយទទួលជោគជ័យក្នុងសិល្បៈនាពេលនេះ យកចិត្តទុកដាក់ចំពោះ លោក អ៊ុំ ដារ៉ា ដោយសារតែលោកបានជួយតារាច្រើនណាស់អោយក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង៕