ក្រសួងធនធានទឹក ប្រាប់ឲ្យពលរដ្ឋដែលធ្វើដំណើរនិងប្រកបរបររកស៊ីតាមសមុទ្រមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារតែពេលនេះប្រទេសកម្ពុជាកំពុងទទួលរងសម្ពាធទាបពីខ្យល់មូសុងនិរតី។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញកាលពីម្សិលមិញ បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។
ប្រភពដដែលឲ្យដឹង ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ខ្យល់មូសុងនិរតីនឹងធ្វើឲ្យអាកាសធាតុ នៅតំបន់មាត់សមុទ្រខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃបន្ថែមទៀត ហើយនៅលើលំហសមុទ្រនឹងមានភ្លៀង-ខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ចំណែកឯតំបន់ខ្ពង់រាប និងបណ្ដាខេត្តស្ថិតតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់បង្គួរទៅច្រើន រហូតដល់ចុងសប្ដាហ៍ ហើយបណ្ដារាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ៕