តួលេខរបស់រដ្ឋាភិបាល បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា បានបន្តកើនឡើងជាងពីរខ្ទង់នៅក្នុងឆមាសទី១ដើមឆ្នាំនេះ ដែលនាំមុខដោយកំណើនដ៏ខ្ពស់នៃភ្ញៀវទេសចរជនជាតិចិន។
តួលេខក្រសួងទេសចរណ៍ដែលចេញកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសសរុបជាង ៣លាននាក់ បានចូលមកកម្ពុជានៅក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៨នេះ ឬកើនឡើងជិត ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខដដែលនេះ បានឲ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរចិនដែលបានមកដល់កម្ពុជា បានកើនឡើងពីចំនួនជិត ៥៣ម៉ឺននាក់កាលពីឆមាសទី១ឆ្នាំ២០១៧ មកដល់ចំនួនជាង ៩៣ម៉ឺននាក់នៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ឬមានកំណើនដល់ទៅជិត ៧៦ភាគរយឯណោះ។
តួលេខដដែលនេះ ក៏បានបង្ហាញឲ្យឃើញផងដែរថា ភ្ញៀវទេសចរចិនដែលចូលមកដល់កម្ពុជា បន្តឈរទៅលំដាប់ទី១ ខណៈភ្ញៀវទេសចរវៀតណាមស្ថិតនៅលំដាប់ទី២ នៅក្នុងចំណោមប្រទេសទាំង ១០ ដែលមានភ្ញៀវទេសចរចូលមកកម្ពុជាច្រើនបំផុត។
បើតាមតួលេខក្រសួងទេសចរណ៍ ភ្ញៀវជនជាតិចិនដល់ទៅជាង ១៤ម៉ឺននាក់ បានមកដល់ប្រទេសកម្ពុជាត្រឹមតែខែមិថុនាកន្លងមកនេះ ឬស្មើនឹង ៣២ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុបចូលមកកម្ពុជា ឬមានកំណើនដល់ទៅ ៦១ភាគរយឯណោះ បើធៀបនឹងខែមិថុនាឆ្នាំ២០១៧កន្លងមក។
ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥លាន ៦សែននាក់ កាលពីឆ្នាំ២០១៧កន្លងមក ក្នុងនោះភ្ញៀវជនជាតិមានដល់ទៅជាង ១លាន ២១ម៉ឺននាក់ ឬស្មើនឹង ២១.៦ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុបដែលបានមកដល់កម្ពុជា៕