ប្រទេសវេណេហ្ស៊ូអេឡា កំពុងជួបវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីអន្តរជាតិដាក់ទណ្ឌកម្ម ដោយសារតែការបោះឆ្នោតកាលពីខែឧសភាកន្លងទៅ មិនមានការទទួលស្គាល់ពីបណ្តាប្រទេសលោកសេរី។
ប្រទេសនេះ បានរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២០ ខែឧសភា ដោយមិនមានការចូលរួមពីគណបក្សប្រឆាំង។ ក្រោយមកប្រទេសចំនួន១៤ ដឹកនាំដោយអាមេរិកនិងកាណាដា ប្រកាសរួមគ្នាកាត់បន្ថយទំនាក់ទំនងការទូតជាមួយប្រទេសនេះ។ ក្រៅពីការកាត់បន្ថយទំនាក់ទំនងការទូត វេណេហ្ស៊ូអេឡារងសម្ពាធផ្សេងៗទៀត។
មួយរយៈកាលចុងក្រោយនេះអតិផរណាគឺលុយចុះថោក ទំនិញឡើងថ្លៃកាន់តែក្លាយជាបញ្ហាធំឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសមួយនេះ។ កម្រិតអតិផរណាក្នុងខែកក្កដាមាន ៨៣ ០០០ ភាគរយ ហើយការវាយតម្លៃរបស់IMFនៅចុងឆ្នាំ២០១៨ អតិផរណា និងបន្តដល់ ១ ០០០ ០០០ ភាគរយ។
គិតត្រឹមថ្ងៃអង្គារនេះ ក្រដាសប្រាក់បូលីវារបស់វេណេហ្ស៊ូអេឡាបន្តធ្លាក់ចុះគឺ ១ដុល្លារអាមេរិកស្មើនឹង ២៤៨ ០០០ បូលីវា។ ក្នុងរយៈពេល២៦ថ្ងៃចុងក្រោយនេះ លុយរបស់វេណេហ្ស៊ូអេឡាធ្លាក់ចុះកាន់តែខ្លាំង។
ដោយសារតែវិបត្តិនយោបាយបន្តតានតឹង ហើយរាលដាលប៉ះពាល់ដល់សេដ្ឋកិច្ចនោះ ប្រជាពលរដ្ឋកំពុងតែជួបការលំបាក ហើយសម្រេចចិត្តឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសផ្សេងៗដោយសារតែបញ្ហាខ្វះខាតអាហារ និងថ្នាំសម្រាប់ព្យាបាលជំងឺ។
ប្រទេសដែលពលរដ្ឋវេណេហ្ស៊ូអេឡា កំពុងតែសម្រុកទៅច្រើនជាងគេ គឺប្រទេសប្រេស៊ីលដែលមានព្រំដែនជាប់គ្នា។ ដោយសារតែបារម្ភពីបញ្ហាសន្តិសុខនិងសណ្តាប់ធ្នាប់ ប្រេស៊ីលបានចាប់ផ្តើមដាក់កម្លាំងយាមព្រំដែនរឹតបន្តឹងការឆ្លងកាត់។ នៅប៉ុន្មានថ្ងៃចុងក្រោយអ្នកឆ្លងកាត់ព្រំដែនចូលប្រេស៊ីសប្រមាណ៣០០០នាក់ក្នុងថ្ងៃ ហើយចំនួននេះគេរំពឹងថា នឹងកើនឡើងបន្តទៀត។
ក្រៅពីប្រទេសប្រេស៊ីលគឺប្រទេស កូឡុំប៊ី ប្រទេស អេក្វាឌ័រ និង ប៉េរូ ក៏ជាគោលដៅសំខាន់សម្រាប់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមខ្វះខាតអាហារ និងថ្នាំពេទ្យនេះដែរ។
ដើម្បីដោះស្រាយបញ្ហាវិបត្តិនេះ រដ្ឋាភិបាលដែលដឹកនាំដោយលោក នីកូឡាស់ ម៉ាឌូរ៉ូ បានបោះពុម្ពក្រដាសប្រាក់ថ្មី ដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃចន្ទម្សិលមិញ និង ដាក់ចេញវិធានការផ្សេងៗទៀត។
ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលហាក់មិនទាន់ឃើញមានប្រសិទ្ធិភាពប្រសើរឡើងនៅឡើយទេ ខណៈប្រជាពលរដ្ឋដែលរងការប៉ះពាល់ និងក្រុមប្រឆាំងផ្សេងៗទៀតកំពុងតែគៀងគររៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ។
បញ្ហានៅចំពោះមុខអន្តរជាតិពេលនេះ គឺកំពុងតែមានការទាមទារឲ្យលោក នីកូឡាស់ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ ដោយធានាភាពត្រឹមត្រូវ និងមានការចូលរួមពីគណបក្សប្រឆាំង។