ប្រជាសហគមន៍ការពារព្រៃឈើអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឡង់ក្នុងឆ្នាំ២០១៨នេះ នៅតែបន្តកើនឡើង។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍លោក សេង សុខហេង បានប្រាប់វី.អូ.ឌីថា ទិន្នន័យបឋមការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ មានការកើនឡើងខ្លាំងជាងឆ្នាំ២០១៧។
ប្រជាសហគមន៍ម្នាក់នៅខេត្តកំពង់ធំ លោក ហឿន សុភាព ឲ្យដឹងថា កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែសីហា ប្រជាសហគមន៍ចុះល្បាតព្រៃឡង់ហើយចាប់បាន ម៉ាស៊ីនអារឈើ៤គ្រឿង និងឈើ២ម៉ែត្រគូបកន្លះ រីឯជនប្រព្រឹត្តបានរត់គេចខ្លួនអស់។
វីអូឌី មិនទាន់អាចសុំការឆ្លើយតបករណីនេះ ពីក្រសួងបរិស្ថាននៅឡើយ។
ទោះយ៉ាងណាកាលពីខែមីនាដើមឆ្នាំ២០១៨ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា បទល្មើសព្រៃឈើនិងសត្វព្រៃ មានការថយចុះជាបន្តបន្ទាប់ ដោយសារតែរដ្ឋាភិបាលមានយន្តការច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់បរិស្ថាន និងធនធានធម្មជាតិ។
តំបន់ព្រៃឡង់ស្ថិត ក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលមានផ្ទៃដីព្រៃឡង់សរុប ៤៣១ ៦៨៣ ហិកតា។ កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចដាក់តំបន់ព្រៃឡង់ជាព្រៃការពារដែនជម្រកសត្វស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។