តុលាការកម្ពុជា សម្រេចផ្តន្ទាទោសអ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីម្នាក់ឲ្យជាប់ពន្ធាគាររយៈពេល៦ឆ្នាំ ក្រោមបទចារកម្ម។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញសាលក្រមសម្រេចផ្តន្ទាទោស លោក James Ricketson អ្នកផលិតឯកសារជនជាតិអូស្រ្តាលីឲ្យជាប់ទោស៦ឆ្នាំក្រោមបទចារកម្មនិងលួចប្រមូលព័ត៌មានពីកម្ពុជាបញ្ជូនទៅឲ្យបរទេសដែលធ្វើអន្តរាយដល់ការការពារជាតិ តាមមាត្រា៣៣៩ និង៤៤៦នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ភ្លាមៗក្រោយប្រកាសសាលក្រម លោក James Ricketson បានចោទសួរទៅចៅក្រម សេង លាងប្រធានចៅក្រមជំនុំជម្រះថា«តើលោកធ្វើជាចារកម្មឲ្យប្រទេសណា?» ប៉ុន្តែចៅក្រមរូបនេះមិនបានឆ្លើយតបនោះទេ។
មេធាវីការពារលោក Jame Ricketson គឺលោក គង់ សំអុន មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងពិភាក្សាជាមួយកូនក្តីលោកបន្តទៀតដើម្បីដាក់ប្តឹងឧទ្ធរណ៍ ឬសុំការលើកលែងទោសពីព្រះមហាក្សត្រតាមរយៈរដ្ឋាភិបាល។
មេធាវីការពារលោក Jame Ricketson គឺលោក គង់ សំអុន
កូនប្រុសលោក Ricketson គឺលោក Jesse Ricketson បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានស្តាប់សេចក្តីប្រកាសរបស់តុលាការនៅព្រឹកនេះថា លោកមានការសោកស្តាយចំពោះសេចក្តីសម្រេចនេះជាខ្លាំង តែទោះជាយ៉ាងណាលោកសង្ឃឹមថាស្ថានការណ៍នឹងភាពប្រសើរឡើងវិញ។
កូនប្រុសលោក Ricketson គឺលោក Jesse Ricketson
នៅថ្ងៃប្រកាសសាលក្រមនេះដែរក្រុមគ្រួសារ និងមិត្តភ័ក្រលោក Ricketson ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ការកាត់ទោសបុរសអាយុជិត៧០ឆ្នាំនេះឲ្យជារឿងអយុត្តិធម៌ និងឃោឃៅជាទីបំផុត ខណៈពួកគេអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីជួយពលរដ្ឋខ្លួនផងដែរ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមគ្រួសារ និងមិត្តភ័ក្រលោក Ricketson
អនុប្រធានអង្គការ Human Right Watch ប្រចាំតំបន់អាស៊ីលោក Phil Robertson បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយលើកឡើងថា ការកាត់ទោសនេះវាបានបង្ហាញបញ្ហាជាច្រើននៃប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងនោះរួមមានការកាត់ទោសដោយមិនមានភស្ភុតាងច្បាស់លាស់ ហើយតុលាការពិនិត្យទៅលើការបញ្ជាររបស់រដ្ឋាភិបាលជាជាងធ្វើតាមវិជ្ជាជីវៈរបស់ខ្លួន។ លោកក៏បានលើកឡើងផដែរថារឿងដែលគួរឲ្យសោកស្តាយបំផុតនោះគឺរដ្ឋាភិបាលអូស្ត្រាលីមិនបានធ្វើអីធំដុំដើម្បីជួយពលរដ្ឋខ្លួនឲ្យមានសេរីភាពនោះទេ។
លោក James Ricketson ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះដ្រូនដើម្បីថតសកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ៕