អគ្គនាយកដ្ឋានកសិកម្មថារហូតមកទល់នឹងពេលនេះខ្លួនទទួលបានសំណើពីក្រុមហ៊ុន៥ ក្នុងការនាំចេញចេកទៅកាន់ប្រទេសចិន តែថាមិនទាន់សម្រេចអនុញ្ញាតនៅឡើយទេដោយរង់ចាំក្រុមការងារចុះពិនិត្យវាយតម្លៃជាមុនសិន។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ហ៊ាន វណ្ណហន មានប្រសាសន៍ប្រាប់VOD ថារហូតមកដល់ពេលនេះអគ្គនាយកដ្ឋានបានទទួលសំណើពីក្រុមហ៊ុន៥ក្នុងនោះមាន៤ជារបស់វៀតណាម និង១ជារបស់ខ្មែរសហការជាមួយចិន តែទោះជាយ៉ាងណាអគ្គនាយកដ្ឋានមិនទាន់សម្រេចឲ្យក្រុមហ៊ុនណាមួយមានសិទ្ធិនាំចេញទៅកាន់ប្រទេសចិននោះទេ ដោយរង់ចាំការប្រជុំសម្រេចជាមុនសិន ដោយបារម្ភខ្លាចក្រុមហ៊ុនទាំងនោះមិនគ្រប់ស្តង់ដារនៃការអនុញ្ញាតរបស់ប្រទេសចិន។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ហ៊ាន វណ្ណហន
ទោះជាយ៉ាងណាលោកថានៅដើមសប្តាហ៍ក្រោយអគ្គនាយកដ្ឋាននឹងមានការប្រជុំមួយដោយកោះអញ្ជើញក្រុមហ៊ុនពាក់ព័ន្ធ និងម្ចាស់កសិដ្ឋានដាំចេកឲ្យចូលរួមផងដែរ។
បច្ចុប្បន្ននៅកម្ពុជាមានកសិដ្ឋានធំៗចំនួន៣ ដែលជារបស់ក្រុមហ៊ុនវៀតណាមដែលមានក្នុងខេត្តរតនគិរី ក្រចេះ និងកំពត ដែលមានផ្ទៃដីសរុបជិត៥ពាន់ហិកតាសម្រាប់ដាំចេកនាំចេញទៅកាន់ប្រទេសវៀតណាម៕