មូលនិធិគន្ធបុប្ផា បានប្រកាសបើកឲ្យសាធារណជនទូទៅ អាចចូលរួមសម្តែងមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកញ្ញានេះ។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃនេះ មូលនិធិគន្ធបុប្ផា បានប្រកាសថា ពិធីគោរពវិញ្ញាណក្ខន្ធសពរបស់លោកវេជ្ជបណ្ឌិត Beat Richner នឹងត្រូវរៀបចំឡើងនៅគ្រប់សាខាទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
មូលនិធិគន្ធបុប្ផា បានប្រកាសឲ្យសាធារណជនចូលទៅគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner នៅឯមជ្ឈមណ្ឌលព័ត៌មាននៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនៅជិតវត្តភ្នំ និងមួយកន្លែងទៀតនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ស្ថិតក្នុងខេត្តសៀមរាប។
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញនូវសាររំលែកទុក្ខ និងបង្ហាញពីការសោកស្តាយចំពោះការបាត់បង់លោក Beat Richner លើគេហទំព័របណ្តាញសង្គមរបស់ខ្លួន ដោយថា ការបាត់បង់លោក គឺជាការបាត់បង់យ៉ាងធំធេង ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាលោក Beat Richner បានទទួលមរណភាពនៅឯប្រទេសស្វីសកាលពីម្សិលមិញដោយជំងឺ ក្នុងជន្មាយុ ៧១ឆ្នាំ៕