សាលារាជធានីភ្នំពេញបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលមួយចំនួនដែលអាជ្ញាធរសាលារាជធានីភ្នំពេញចោទថា ផ្សព្វផ្សាយព័ត៌មានញុះញង់ដល់ក្រុមអាជីវករផ្សារដើមគរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ សាលារាជធានីភ្នំពេញបានអះអាងថា មានជនឱកាសនិយមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍នៅផ្សារដើមគរ។
សាលារាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពចុះរៀបចំសណ្ដាប់នៅផ្សារមួយនេះ ត្រូវបានក្រុមមនុស្សមួយចំនួនចោទប្រកាន់ថា មានបំណងយកទីតាំងផ្សារនេះទៅឲ្យឯកជនវិនិយោគ។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឲ្យផ្ដល់ដំណឹងអំពីជនផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ ដោយថា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល សាលារាជធានីភ្នំពេញអះអាងថា ខ្លួនបានចុះទៅរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍នៅជុំវិញផ្សារដើមគរ ខណៈដែលដងផ្លូវជុំវិញផ្សារមួយនេះ ត្រូវបានរំលោភយកធ្វើជាកន្លែងលក់ដូរ៕