មេធាវីការពារក្ដីឲ្យមេដឹកនាំបក្សប្រឆាំង បានឲ្យដឹងថា សវនការសួរដេញដោលមេដឹកនាំអតីតបក្សប្រឆាំងពីសំណាក់សាលាឧទ្ធរណ៍នៅសប្ដាហ៍ក្រោយទេ នឹងមិនមានទេ បន្ទាប់ពីក្រុមមេធាវីបានដកពាក្យបណ្ដឹងរួចហើយនោះ។
មេធាវីម្នាក់ក្នុងចំណោមមេធាវី៤រូបដែលកាពារក្តីឲ្យ លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានប្រាប់ VODនៅល្ងាចថ្ងៃសៅរ៍នេះថា អ្នកស្រីមិនដឹងថា មានសវនការនៅថ្ងៃទី១៧ កញ្ញាខាងមុខនេះ ឬយ៉ាងណានោះទេ ប៉ុន្តែ អ្នកស្រីថា ក្រុមមេធាវីបានដករួចហើយនូវពាក្យបណ្តឹងដែលប្តឹងជំទាស់នឹងដីកាសម្រចពន្យារពេលឃុំខ្លួនជាលើកទី២។
អ្នកស្រីបន្ថែមថា កូនក្ដីរបស់អ្នកស្រី គឺលោក កឹម សុខា មិនចង់ឲ្យវែងឆ្ងាយទៀត ព្រោះកូនក្តីរបស់អ្នកស្រីបានត្រឡប់មកដល់ផ្ទះវិញហើយ។ មេធាវីរូបនេះបញ្ជាក់ច្បាស់ថា នេះគឺជាការសម្រេចចិត្តរបស់កូនក្តីតែម្តង។
កាលពីថ្ងៃទី៧ កញ្ញា សាលាឧទ្ធរណ៍បានបញ្ជាទៅប្រធានពន្ធនាគារត្រពាំងផ្លុងឲ្យនាំខ្លួន លោក កឹម សុខា ចូលទៅសវនការនៅថ្ងៃទី១៧ ខែកញ្ញា ឲ្យចូលរួមក្នុងសវនការសួរដេញដោលអំពីសំណុំរឿង«ក្បត់ជាតិ» ខណៈលោកនៅជាប់ឃុំនៅឡើយ។
លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅក្នុងផ្ទះ កាលព្រឹកថ្ងៃទី១០ កញ្ញា បន្ទាប់ពីលោកត្រូវបានចាប់ដាក់ឃុំអស់រយៈពេលជាង ១ឆ្នាំមកហើយ។
សាលាដំបូងរាជធានីភ្នំពេញអះអាងថា លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ក្រោមហេតុផលសុខភាពរបស់លោក និងមានការធានាពីនីតិវិធីច្បាស់លាស់៕