ក្រសួងពត៌មានហាមមិនឲ្យចាក់ផ្សាយបទចំរៀងមានចំណងជើងថា «សល់តែចិត្តស្មោះ» ដោយថា បទចម្រៀងនេះធ្វើឲ្យប៉ះពាល់ដល់អ្នកបម្រើការងារតាមផ្ទះ។
ក្នុងលិខិតមួយចេញកាលពីថ្ងៃម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបញ្ឈប់ការចាក់ផ្សាយចម្រៀង «សល់តែចិត្តស្មោះ» ដែលច្រៀងដោយតារាចម្រៀង អ្នកនាង កែវ ច័ន្ទសម្ផស្ស និងផលិតឡើងដោយផលិតកម្មខ្មែរអមតៈ។
លោក ខៀវ កាញារីទ្ធ លើកឡើងក្នុងលិខិតដដែលនោះថា បទចម្រៀងនេះធ្វើឲ្យប៉ះពាល់«យ៉ាងខ្លាំង»ដល់តម្លៃការងាររបស់អ្នកបម្រើការងារតាមផ្ទះ។
រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចបែបនេះទៅតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង។
នៅក្នុងលិខិតផ្ញើទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងនោះ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានលើកឡើងថា អត្ថន័យនៃបទចម្រៀងនេះ អាចត្រូវតាមស្ថានភាពប្រទេសកម្ពុជាកាលពីមួយទសវត្សរ៍មុន។
រដ្ឋាភិបាលបានហាមឃាត់ចាក់ផ្សាយបទចម្រៀងមួយចំនួនមកហើយ ដោយលើកហេតុផលថា ធ្វើឲ្យប៉ះពាល់តម្លៃស្ត្រីខ្មែរ ប៉ះពាល់ដល់សាសនា និងប្រពៃណីជាដើម។
ក្រសួងព័ត៌មានក៏បានហាមឃាត់ការចាក់ផ្សាយផងដែរនូវបទចម្រៀង «រាំស្កុប» កាលពីចុងខែមីនាក្នុងឆ្នាំនេះ ដោយថា បទចម្រៀងនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ទីរពេទ្យកាល់ម៉ែត្រ៕