ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្លែងកាលពីថ្ងៃសៅរ៍ម្សិលមិញថា ការឃុំខ្លួនជនចំណាកស្រុកដែលបានធ្វើដំណើរទៅដល់ប្រទេសក្រិចចាប់តាំងពីខែមីនាកន្លងមកនោះ គួរតែបញ្ចប់ភ្លាម។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា លោក បាន គីមូន ថ្លែងដូច្នេះ បន្ទាប់ពីលោកបានធ្វើដំណើរទៅទស្សនាជំរុំជនភៀសខ្លួន ២កន្លែងនៅលើកោះ Lesbos ក្នុងប្រទេសក្រិច ជាទីដែលជនភៀសខ្លួនប្រហែល ៣៤០០នាក់ ត្រូវបានគេឃាត់ទុក ខណៈដែលក្រុមមន្ត្រីចុះវាយតម្លៃថាតើពួកគេអាចទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ដែរឬយ៉ាងណា។
លោក បាន គីមូណ ដែលបានជជែកជាមួយនាយករដ្ឋមន្ត្រីក្រិច លោក Alexis Tsipras នៅទីក្រុងអាតែនកាលពីព្រឹកថ្ងៃសៅរ៍នោះ បាននិយាយថា ការឃុំខ្លួន មិនមែនជាចម្លើយទេ ប៉ុន្តែ វាគួរតែបញ្ចប់ភ្លាម។
លោកបន្តថា លោកទទួលស្គាល់ពីការលំបាក ប៉ុន្តែ ពិភពលោកមានទ្រពសម្បត្តិ សមត្ថភាព និងភារកិច្ច ក្នុងការប្រឈមនឹងឧបសគ្គទាំងនេះ។
កោះ Lesbos គឺជាច្រកចូលរបស់ជនចំណាកស្រុករាប់រយពាន់នាក់ ដែលបានធ្វើដំណើរទៅអឺរ៉ុបកាលពីឆ្នាំមុន។
ស្ថិតនៅក្រោមកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងប្រទេសទួគី ដែលបានចូលជាធរមានកាលពីខែមីនាកន្លងមក ជនភៀសខ្លួនដែលមិនទទួលបានសិទ្ធិជ្រកកោន ប្រឈមមុខនឹងការបញ្ជូនត្រឡប់ពីដែនកោះរបស់ក្រិច ទៅប្រទេសទួគីវិញ។
ជនចំណាកស្រុកជាង ៤៥០០០នាក់ កំពុងជាប់នៅលើដែនដីកោះរបស់ក្រិចនាពេលសព្វថ្ងៃនេះ បន្ទាប់ពីបណ្ដាប្រទេសអឺរ៉ុបបិទព្រំដែនរបស់ខ្លួន មិនទទួលយកពួកគេ៕