មនុស្សដល់ទៅជិត ៣០០នាក់ ត្រូវបានរដ្ឋាភិបាលស្នើតែងតាំងជាទីប្រឹក្សា ជំនួយការ លេខា និងសមាជិកក្នុងក្រុមពិធីការនៅក្នុងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីការបង្កើតរដ្ឋាភិបាលថ្មី។
ក្នុងអនុក្រឹត្យចេញកាលពីថ្ងៃទី១៤ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចតែងតាំងសមាជិកក្រុមលេខារបស់លោកចំនួន ៨២រូប ដោយមានឋានៈចាប់ពីប្រធាននាយករដ្ឋ រហូតដល់អគ្គនាយក សម្រាប់បំពេញការងារនៅខុទ្ទកាល័យរបស់លោក។
ចំណែកឯព្រះរាជក្រឹត្យចំនួន ២ ដែលចេញដោយប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ កាលពីថ្ងៃទី១៨ ខែកញ្ញា បានឲ្យដឹងថា មន្ត្រីដល់ទៅ ៤៦រូប ត្រូវបានសម្រេចតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានឋានៈចាប់ពីរដ្ឋលេខាធិការរហូតដល់ទេសរដ្ឋមន្ត្រី ខណៈដែលមន្ត្រី ៥៥រូបទៀត ត្រូវបានតែងតាំងជាជំនួយការ មានឋានៈចាប់ពីអគ្គនាយករហូតដល់រដ្ឋលេខាធិការ។
ព្រះរាជក្រឹត្យនោះ ក៏បានឲ្យដឹងផងដែរថា លោក ហ៊ុន សែន បានស្នើទៅប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ តែងតាំងមន្ត្រី ៩៤រូប ប្រចាំនៅខុទ្ទកាល័យរបស់លោក ក្នុងនោះ មានមន្ត្រីខុទ្ទកាល័យ ២៣រូបមានឋានៈចាប់ពីរដ្ឋលេខាធិការរហូតដល់ទេសរដ្ឋមន្ត្រី ក្រុមមន្ត្រីពិធិការ ៥រូប មានឋានៈចាប់ពីអនុរដ្ឋលេខាធិការរហូតដល់រដ្ឋមន្ត្រី និងសមាជិកក្រុមលេខាចំនួន ៦៦រូបបន្ថែមទៀត ដែលមានឋានៈចាប់ពីអគ្គនាយករហូតដល់អនុរដ្ឋលេខាធិការ។
លោក ហ៊ុន សែន បានសម្រេចតែងតាំងមន្ត្រីដល់ទៅជិត ៣០០នាក់ ជាទីប្រឹក្សាផ្ទាល់ ជាជំនួយការ ជាលេខា និងជាមន្ត្រីពិធីការរបស់លោកបែបនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកបានគ្រប់គ្រងអាសនៈទាំងអស់នៅក្នុងរដ្ឋសភា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីចុងខែកក្កដាកន្លងមក ដោយពុំមានវត្តមានចូលរួមប្រកួតប្រជែងពីគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ៕