តុលាការខេត្តសៀមរាបបានដោះលែងស្ថាបនិកសារមន្ទីរមីនអាគីរ៉ា និងបុគ្គលិកពីរនាក់ផ្សេងទៀតឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីម្សិលមិញ បន្ទាប់ពីឃុំខ្លួនជិតមួយខែ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់VODនៅរសៀលនេះថា តុលាការបានដោះលែងសហការីបីនាក់របស់អង្គការដោះមីនកម្ពុជានិងសារមន្ទីរមីនអាគីរ៉ា រួមមាន លោក អឿន យក្ស ហៅអាគីរ៉ា លោក អឿន យុន និង លោក ហ៊ាញ សុគន្ធា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីម្សិលមិញដោយមានការធានាពីមេធាវី។
VOD មិនទាន់អាចទាក់ទងមេធាវីឬលោកអាគីរ៉ាបាននៅឡើយទេនៅថ្ងៃនេះ។
លោក អាគីរ៉ា និងបុគ្គលិកពីរនាក់ទៀត ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនបន្ទាប់ពីឆេះឃ្លាំងគ្រាប់ក្នុងបរិវេណសារមន្ទីរមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ក្រោយមកតុលាការខេត្តសៀមរាប បានសម្រេឃុំខ្លួនក្នុងពន្ធនាគារដោយចោទពីបទ រក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់នៅក្នុងបរិវេណសារមន្ទីរ។
អាជ្ញាធរខេត្តសៀមរាប បានបិទសារមន្ទីរមីនអាគីរ៉ាជាបណ្តោះអាសន្ន ហើយកុមារកំព្រា២០នាក់ដែលស្នាក់នៅទីនោះត្រូវបាយយកទៅរស់នៅផ្ទះឯកជនមួយដោយមានការជួយឧបត្ថម្ភពីជនបរទេសពីរនាក់ ប៉ុន្តែកំពុងប្រឈមកង្វះអារហារ។