អគ្គនាយក TNM TV Online ស្នើសុំតុលាការខេត្តពោធិ៍សាត់ទម្លាក់បទចោទប្រកាន់លើបុគ្គលិករបស់ខ្លួន បន្ទាប់ពីត្រូវបានឃាត់ខ្លួនខណៈពួកគេចុះយកព័ត៌មានកាលពីដើមសប្តាហ៍នេះ និងក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញប៉ុន្តែស្ថិតក្នុងការស៊ើបអង្កេត។
ប្រាប់ VOD នៅថ្ងៃនេះ អគ្គនាយក TNM TV Online លោក សែម បូរ៉ា ថ្លែងថា លោកសូមច្រានចោលនូវការចោទប្រកាន់លើបុគ្គលិកលោកពីបទញុះញង់និងផ្សាយព័ត៌មានមិនពិត ដោយថា ពួកគេបានចុះទៅយកព័ត៌មាននៅទីសាធារណៈនិងស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់នេះ។
អគ្គនាយក TNM TV Online លោក សែម បូរ៉ា
នាយក TNM TV Online រូបនេះក៏បានសំណូមពរទៅអាជ្ញាធរផងដែរថា សុំកុំឲ្យបិទសេរីភាពសារព័ត៌មានពេក ដោយថាបុគ្គលិកលោកគ្រាន់តែចុះទៅយកព័ត៌មាននៅទៅសាធារណៈហើយមិនគួរណាចាប់ឃាត់ខ្លួនដូច្នេះទេ។
VOD នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់បំភ្លឺបន្ថែមបាននៅឡើយទេ។
បើតាម លោក សែម បូរ៉ា កាលពីថ្ងៃទី១៧កញ្ញា លោកបានបញ្ជូនសហការីពីររូបឲ្យទៅយកព័ត៌មាននៅគោលដៅដែលពលរដ្ឋបានរាយការណ៍ប្រាប់គឺក្នុងឃុំថ្មបាំង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីរឿងក្រុមហ៊ុនទ្រីភាពឈូសឆាយដី និងក្រោយមកត្រូវបានអាជ្ញាធរឃាត់ខ្លួនបីយប់បីថ្ងៃ និងដោះលែងនៅថ្ងៃទី២០កញ្ញាបន្ទាប់ពីមានការធានាពីលោក។