សាលារាជធានីភ្នំពេញ បានសម្រេចកែសម្រួល និងពង្រីកផ្លូវរត់នៃរថយន្តក្រុងសាធារណៈ ៤ខ្សែបន្ថែមទៀត ដោយថា ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់វីអូឌីនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១ តុលានេះ សាលារាជធានីភ្នំពេញ បានសម្រេចបង្កើនផ្លូវរត់របស់រថយន្តក្រុងសាធារណៈរបស់ខ្លួន ឲ្យដល់ ១៣ខ្សែរត់នៅទូទាំងរាជធានី ខណៈនៅដំណាច់ឆ្នាំនេះ ប្រទេសជប៉ុននឹងប្រគល់រថយន្តក្រុងចំនួន ៤០គ្រឿងបន្ថែមទៀត។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា តាមការកែសម្រួលនេះ សាលារាជធានីភ្នំពេញសង្ឃឹមថា អាចជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានច្រើន ជាពិសេសបញ្ហាចរាចរណ៍ផងដែរ។
[Quote]
ខ្សែរត់ថ្មីចំនួន៤ដែលដាក់ដំណើរការបន្ថែមនេះមាន ខ្សែរត់ទី១០ ពីផ្សារស៊ិនជូរីផ្លាហ្សា ទៅកាន់ផ្លូវ២០០៤ ផ្លូវសឡា ផ្លូវចោមចៅ ផ្លូវ២១៧ ផ្លូវ៣៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។ ខ្សែរត់ទី១១ ពី វត្តស្លែង ផ្លូវព្រៃវែងពងទឹក បត់តាមផ្លូវព្រៃស បត់តាមផ្លូវ២៧១ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ។ ខ្សែរត់ទី១២ ចេញពីស្ថានីយរត់ភ្លើង បត់តាមផ្លូវព្រះសីហនុ តាមផ្លូវត្រសក់ផ្អែម ផ្សារធំថ្មី បត់តាមផ្លូវភ្លោះព្រះអង្គឌួង មកកាន់ស្ថានីយរត់ភ្លើងវិញ។ និងខ្សែទី១៣ ចេញពីរង្វង់មូលកាច់កាណុង កាត់តាមក្ដាន់ពីរ ឆ្ពោះទៅកាន់រង្វង់មូលផ្សារដើមថ្កូវ នឹងត្រលប់ទៅវិញ។
បើតាមលោក ម៉េត មាសភក្តី បច្ចុប្បន្ន ភ្នំពេញមានឡានក្រុងសាធារណៈ ១៩៧គ្រឿង ក្នុងនោះជំនួយពីចិន ១០០គ្រឿង និងជប៉ុន ៤០គ្រឿង ខណៈជប៉ុនសន្យាផ្តល់ជំនួយ ៤០គ្រឿងបន្ថែមទៅនៅមុនដំណាច់ឆ្នាំ២០១៨នេះ៕