កាលពីដើមខែតុលាកន្លងមកថ្មីៗនេះ សហភាពអឺរ៉ុបបានប្រកាសឲ្យដឹងថា ខ្លួនចាប់ផ្ដើមដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ដែលត្រូវបានផ្ដល់មកឲ្យប្រទេសកម្ពុជា ក្រោមកម្មវិធីមួយហៅថា «អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ» ឬ ហៅកាត់យ៉ាងខ្លីថា «EBA» បន្ទាប់ពីសហគមន៍មួយនេះ រកឃើញថា កម្ពុជាបានរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
បន្ទាប់ពីសហគមន៍អឺរ៉ុបបានប្រកាសឲ្យដឹងអំពីជំហររបស់ខ្លួនបែបនេះ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកនោះ នៅតែប្រកាសជាសាធារណៈនូវការរក្សាជំហរដដែល ហើយថែមទាំងប្ដេជ្ញាថា មិនត្រូវយកអធិបតេយ្យភាពជាតិ ទៅដូរនឹងប្រព័ន្ធអនុគ្រោះពន្ធនេះនោះឡើយ។
ប៉ុន្តែ ក្រុមអ្នកតាមដានសង្គមនយោបាយកម្ពុជា មិនយល់ស្របនឹងជំហរបែបនេះរបស់រដ្ឋាភិបាលនោះឡើយ ហើយក៏បានផ្ដល់នូវមតិនានា ដែលជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យបន្ទន់ជំហរ និងងាកទៅគោរពតាមលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចដែលសហគមន៍អឺរ៉ុបផ្ដល់ជាអនុសាសន៍ ដើម្បីបញ្ចៀសការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «EBA» នេះ។
វិវាទកម្មមួយនេះ បានជំរុញឲ្យមានការចោទសួរថា ហេតុអ្វីបានជាប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ»របស់សហភាពអឺរ៉ុប សំខាន់សម្រាប់ប្រទេសកម្ពុជា។
ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ» គឺជាកម្មវិធីផ្ដល់ការអនុគ្រោះផ្នែកពន្ធគយលើទំនិញនាំចូលពីបណ្ដាប្រទេសនានា ដែលត្រូវបានចាត់ថ្នាក់ថា «ប្រទេសអភិវឌ្ឍន៍តិចតួច» ឬហៅថា ប្រទេសក្រីក្រ។ ចាប់តាំងពីវាត្រូវបានសហគមន៍អឺរ៉ុបដាក់ឲ្យអនុវត្តកាលពីឆ្នាំ២០០១មក រដ្ឋក្រីក្រសរុប ៤៩ប្រទេសនៅទូទាំងពិភពលោក ត្រូវបានផ្ដល់ឋានៈជាប្រទេសទទួលបានការលើកលែងពន្ធគយសម្រាប់នាំទំនិញចូលទៅទីផ្សារអឺរ៉ុប ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។
ប្រព័ន្ធអនុគ្រោះពន្ធនេះ មានសារៈសំខាន់កម្រិតណាសម្រាប់កម្ពុជានោះ អាចត្រូវបានមើលឃើញ ឬក៏ឆ្លុះបញ្ចាំងបានតាមរយៈទំហំកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុបពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងន័យនេះ គឺសំដៅដល់ទំហំនៃការនាំចេញទំនិញពីកម្ពុជាចូលទៅកាន់ទីផ្សាររួមសហគមន៍អឺរ៉ុប និងទំហំនៃការនាំចូលទំនិញពីអឺរ៉ុបមកកម្ពុជាវិញ។
បើមើលទៅលើទំហំនាំចេញទាំងមូលរបស់កម្ពុជា ទិន្នន័យរបស់ធនាគារពិភពលោក បានបង្ហាញថា កម្ពុជាបាននាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃដល់ទៅជាង ១០.០៦៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៦កន្លងមក ខណៈដែលកម្ពុជាក៏បាននាំចូលទំនិញពីទីផ្សារអន្តរជាតិ មានតម្លៃដល់ទៅជាង ១២.៣៧១ពាន់លាននៅក្នុងឆ្នាំនោះផងដែរ។
ជាងនេះទៅទៀត របាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO បានបង្ហាញថា ទំហំនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើង ១៩ភាគរយបន្ថែមទៀតកាលពីឆ្នាំ២០១៧កន្លងមក បើធៀបទៅនឹងតួលេខមួយឆ្នាំមុន ដែលនាំឲ្យទំហំនាំចេញរបស់កម្ពុជាមានតម្លៃដល់ទៅជិត ១២ពាន់លានដុល្លារ ខណៈដែលទំហំនៃការនាំចូលបានកើនឡើង ១១ភាគរយ ឬមានតម្លៃដល់ទៅជិត ១៤ពាន់លានដុល្លារ។
បើនិយាយចំពោះតែទីផ្សារអឺរ៉ុបតែមួយ ទិន្នន័យធនាគារពិភពលោក បានបង្ហាញឲ្យឃើញថា ការនាំចេញទំនិញគ្រប់ប្រភេទពីតំបន់អឺរ៉ុបចូលមកកម្ពុជា មានតម្លៃតែជាង ៥៦៦លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ២០១៦កន្លងមក ដែលនេះគឺជាតួលេខមានគម្លាតខុសគ្នាឆ្ងាយ បើធៀបទៅនឹងទំហំនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារដ៏ធំមួយនេះ។
បើតាមទិន្នន័យរបស់ធនាគារពិភពលោកដដែល កម្ពុជាបាននាំចេញទំនិញមានតម្លៃដល់ទៅ ៤.១២៦ពាន់លានដុល្លារ ទៅកាន់ទីផ្សារអឺរ៉ុប ដែលភាគច្រើនលើសលប់ដល់ទៅ ៩៨.៨៤ភាគរយ គឺជាផលិតផលសម្រេចមានតម្លៃស្មើនឹង ៤.០៧៨ពាន់លានដុល្លារ។
ទិន្នន័យនោះក៏បានឲ្យដឹងទៀតថា ផលិតផលសម្រេចដែលកម្ពុជានាំចេញច្រើនទៅកាន់ទីផ្សារអឺរ៉ុប គឺជាផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលមានតម្លៃដល់ទៅជាង ៣ពាន់ ៥៣១លានដុល្លារ ឬស្មើនឹង ៨៥.៥៨ភាគរយយ នៃតម្លៃទំនិញសរុបដែលកម្ពុជានាំចូលទីផ្សារអឺរ៉ុប។
បើពិនិត្យមើលទិន្នន័យលម្អិតនៃការនាំចេញរបស់កម្ពុជាទៅតាមប្រទេសនីមួយៗ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងកាណាដា គឺជាទីផ្សារធំបំផុតដែលបាននាំចូលទំនិញផ្សេងៗពីកម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលផ្ដល់ផលវិជ្ជមានសម្រាប់ជញ្ជីងពាណិជ្ជកម្មកម្ពុជា។
ទន្ទឹមនេះដែរ ប្រទេសចិនបាននាំចេញទំនិញមានតម្លៃដល់ទៅជាង ៤៥៥០លានដុល្លារ ចូលមកកម្ពុជា និងតាមពីក្រោយដោយប្រទេសថៃមានតម្លៃជាង ១៩១០លានដុល្លារ និងប្រទេសវៀតណាមមានតម្លៃជាង ១៤១៥លានដុល្លារ នៅក្នុងឆ្នាំ២០១៦ ដែលផ្ដល់ផលអវិជ្ជមានសម្រាប់ជញ្ជីងពាណិជ្ជកម្មកម្ពុជា។
តួលេខដដែលនេះ ក៏បង្ហាញផងដែរថា សហគមន៍អឺរ៉ុប គឺជាទីផ្សារធំបំផុតសម្រាប់ទំនិញកម្ពុជា ដោយមានចំណែកទីផ្សារដល់ទៅ ៤០.៩៨ភាគរយ និងតាមពីក្រោយដោយតំបន់អាមេរិកខាងជើងមានសហរដ្ឋអាមេរិក និងកាណាដា ដែលបានផ្ដល់ចំណែកទីផ្សារដល់ផលិតផលកម្ពុជាដល់ទៅ ២៧.៨៣ភាគរយ ខណៈដែលចំណែកទីផ្សារនៃផលិតផលកម្ពុជានាំចេញទៅបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានទំហំ ២៧.៨០ភាគរយ។
ដោយសារតែកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប រាល់ទំនិញទាំងឡាយត្រូវបាននាំចេញពីកម្ពុជា ចូលទៅទីផ្សារសហគមន៍អឺរ៉ុបដោយរួចផុតពីកាតព្វកិច្ចបង់ពន្ធគយមានតម្លៃយ៉ាងតិច ៦៧៧លានដុល្លារក្នុងមួយឆ្នាំ២០១៦កន្លងមក។
ប៉ុន្តែ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវបានដកហូត វាច្បាស់ណាស់ថា រាល់ទំនិញកម្ពុជាដែលត្រូវនាំចូលទៅសហគមន៍អឺរ៉ុប នឹងតម្រូវឲ្យបង់ពន្ធគយ ដែលត្រូវបានកំណត់នូវអត្រា ១១ភាគរយសម្រាប់ផលិតផលសម្លៀកបំពាក់ និងអត្រាផ្សេងទៀត ទៅតាមប្រភេទទំនិញខុសៗគ្នា។
ធនាគារពិភពលោក បានព្រមានក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាកាលពីដើមខែតុលានេះថា ការសើរើប្រព័ន្ធអនុគ្រោះពន្ធដែលផ្ដល់មកឲ្យកម្ពុជា គឺជាហានិភ័យដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល។
ធនាគារមួយនេះ បានពន្យល់ក្នុងរបាយការណ៍នោះថា ការគំរាមកំហែងដកហូតប្រព័ន្ធអនុគ្រោះពន្ធពីសំណាក់មហាអំណាចសេដ្ឋកិច្ចអឺរ៉ុប អាចនឹងជះឥទ្ធិពលដល់ការរីកលូតលាស់របស់សេដ្ឋកិច្ចកម្ពុជា។
ធនាគារពិភពលោក បានប្រកាសថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំណើនរឹងមាំដដែលនៅរយៈពេល ៦ខែឆ្នាំ២០១៨នេះ។ បើតាមធនាគារមួយនេះ សេដ្ឋកិច្ចកម្ពុជារក្សាបានកំណើនរឹងមាំបែបនេះ នោះក៏ព្រោះតែមួយផ្នែកធំបានមកពីការរួមចំណែកយ៉ាងធំធេងនៃកំណើនការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងតំបន់អាមេរិកខាងជើង៕