អតីតប្រធានមន្ទីរសន្តិសុខ«ស២១» លោក កាំង ហ្គិចអៀវ ហៅឌុច ដែលត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាតុលាការខ្មែរក្រហមកាត់ទោសដាក់ពន្ធនាគារមួយជីវិតនោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបន្ទាប់ពីលោករាក និងពិបាកដកដង្ហើម។
ប្រធានពន្ធនាគារខេត្តកណ្តាលលោក ចាត ស៊ីនាង បានប្រាប់ VOD ថាលោក កាំង ហ្គេចអៀវ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២០ ខែតុលា និងត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីឃើញថាលោកឌុច មានជំងឺរាក និងពិបាកដកដង្ហើម។
លោកថា៖ « យើងមើលឃើញគាត់ឃើញថាដកដង្ហើមរាងហត់ៗ យើងថាមិនកើតទេ ម៉ោង៧និង៣៥នាទី ពេទ្យរបស់អង្គភាពខ្ញុំបានមកដល់ គាត់ពិនិត្យមើលឃើញថា បើគាត់ហត់អញ្ចឹងយើងបញ្ជូនទៅពេទ្យទៅទុកមិនបានទេ។ អញ្ចឹងយើងបានបញ្ជូនទៅពេទ្យជ័យជំនះទៅ ហើយដល់ថ្ងៃ២១ ម៉ោងប្រហែលជា២ជាងហ្នឹងពេទ្យជ័យជំនះ គាត់បញ្ជូនបន្តទៀតទៅពេទ្យរុស្ស៊ីទៅ » ។
លោកមិនអាចបញ្ជាក់បានទេថាពេលណាដែលលោក ឌុច ត្រូវបញ្ជូនមកសម្រាកនៅពន្ធនាគារវិញដោយសាររង់ចាំការអនុញ្ញាតពីមន្ទីរពេទ្យសិន។
ឌុចបច្ចុប្បន្នអាយុ៧៦ឆ្នាំ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១២ សម្រេចតម្កល់ពិរុទ្ធភាពរបស់លោកសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយបានសម្រេចផ្ដន្ទាទោសដោយដាក់ពន្ធនាគារអស់មួយជីវិត៕