មកទល់ពេលនេះនៅក្នុងប្រទេសកម្ពុជានៅមិនទាន់មានច្បាប់អោយរៀបការភេទដូចគ្នានៅឡើយទេ ប៉ុន្តែគេនៅតែឃើញភាគីបុរសនឹងបុរស ឬស្រ្តីនឹងស្រ្តីភេទដូចគ្នាច្រើនគូ សម្រេចចិត្តរៀបការជាមួយគ្នាជាហូរហែរ ដោយចុងក្រោយនេះតារាសម្ដែងមួយរូប គឺលោក ចៅខ្មែរ ដែលត្រូវគេស្គាល់ថាជាតារាហ្វេសប៊ុកមានប្រជាប្រិយភាព និងជាតួសម្ដែងក្នុងរឿង«ម៉ាដាមអាប»បានសំពះផ្ទឹម និងរៀបការជាមួយគ្នាយ៉ាងអធឹកអធម កាលពីថ្ងៃទី១២ វិច្ឆិកានោះផង។ អ្វីដែលគេកត់សម្គាល់ គឺលោកបានទាំងប្រកាសថាបើកម្ពុជាមានច្បាប់អោយរៀបភេទដូចគ្នាដោយស្របច្បាប់ នោះអ្នកស្រឡាញ់ភេទដូចគ្នាលាក់មុខច្រើននាក់ ពិតជាក្លាហានរៀបការបើកចំហរមិនខុសពីខ្លួន។
តារាសម្ដែង លោក គុជ សុគន្ធរ័ត្ន ហៅចៅខ្មែរ បានបញ្ជាក់ក្នុងថ្ងៃមង្គលការ លោកជឿថាក្នុងប្រទេសកម្ពុជាមានបុរសស្រឡាញ់បុរស និងនារីស្រឡាញ់នារីច្រើននាក់ ដោយមិនមែនតិចតួចនោះទេ ប៉ុន្តែអាចមកពីនៅកម្ពុជាមិនទាន់មានការទទួលស្គាល់ស្នេហាមួយនេះបើកចំហរ ហើយមិនទាន់មានច្បាប់អោយរៀបការភេទដូចគ្នាផង ទើបមកទល់ពេលនេះមិនទាន់មានអ្នកក្លាហានរៀបការជាមួយគ្នា ដោយសុខចិត្តស្រឡាញ់គ្នាលាក់មុខឬមិនរៀបការ ដើម្បីកុំអោយមានការរើសអើង។
ជាក់ស្ដែងរូបលោក និងស្វាមី ក្រោយពីបានសំពះផ្ទឹមរៀបការជាមួយគ្នាដោយមានចាស់ទុំដឹងឮ គឺលោកមិនអាចដឹកដៃគូស្នេហ៍ទៅចុះអេតាស៊ីវិលបានទេ ដោយសូម្បីតែពេលដែលលោកសុំច្បាប់រៀបការភេទដូចគ្នា ក៏គ្មានច្បាប់ណាមកអនុញ្ញាតិនោះដែរ ដ្បិតថាគេមិនហាមឃាត់នៅពេលរៀបចំពិធី។
លោកនិយាយថា៖ «ការពិតមកពីស្រុកយើងអត់មានច្បាប់អោយរៀបការភេទដូចគ្នា ទើបទាំងការសុំច្បាប់គឺមិនស្រួលតែម្ដង អីចឹងហើយទើបខ្ញុំថាស្រុកខ្មែរមានច្បាប់អោយរៀបការបែបនេះប្រហែលជាស្រួល ដោយសារតែពេលនេះតាមខ្ញុំសង្កេតមើលគឺមានអ្នកស្រឡាញ់ភេទដូចគ្នាច្រើន ហើយពួកគាត់ក៏ហ៊ានចេញមុខមិនដូចពីមុនដែរ ដ្បិតថាពួកគាត់មិនហ៊ានរៀបការដូចពួកខ្ញុំ»។
លោកថាពួកលោកបានទិញផ្ទះ និងទ្រព្យចូលគ្នាបានមួយចំនួនដែរ ដោយចង់មានអេតាស៊ីវិលចងភ្ជាប់ចិត្តគ្នាដោយផ្លូវច្បាប់ដូចគ្នាប្ដីប្រពន្ធទូទៅ ប៉ុន្តែមកពីមិនមានច្បាប់អោយចុះអេតាស៊ីវិលបែបនេះ ទើបធ្វើអោយពួកលោកបានត្រឹមតែរៀបការប្រកាសអោយឪពុកម្ដាយដឹងឮ ប៉ុន្តែចំណងចងគ្នាដោយច្បាប់គឺមិនមាន។
ចៅខ្មែរ និយាយថា រវាងលោក និងស្វាមី គឺលោក ខុន ខេមរិន្ទ ស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ ដោយបានទាំងរួមរស់ជាមួយគ្នា ហើយប្រឹងរកលុយពីមុខរបរដាក់លក់ផលិតផលមកពីប្រទេសថៃជាមួយគ្នាសល់លុយទិញបានផ្ទះមួយល្វែងនៅបុរីវាលស្បូវនោះផង ទើបសម្រេចចិត្តរៀបការ។ ក្នុងនោះពួកលោក ក៏បានសុំកូនប្រុសពីគ្រួសារមួយយកមកចិញ្ចឹមធ្វើកូន ដើម្បីទុកគ្រាន់ពឹងពាក់ពេលចាស់នោះផង ទើបលោកយល់ថាជីវិតស្នេហាភេទដូចគ្នារបស់លោកមិនអត់ប្រយោជន៍នោះទេ បើទោះជាការរួមរស់មិនអាចអោយលោកមានកូនមានចៅដែលជាដំណក់ឈាមដើម្បីស្នងត្រកូល។ លោកប្រកាសថាបើកម្ពុជាមានច្បាប់អោយចុះអេតាស៊ីវិល និងអោយរៀបការស្របច្បាប់ គឺច្បាស់ណាស់ថាមនុស្សដែលបានលាក់មុខក្នុងទំនាក់ទំនងភេទដូចគ្នា នឹងកាត់ខ្មាស់ហើយហ៊ានរៀបការដូចលោក៕