អង្គការសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ហៅកាត់ថា RSF បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ចំខួបមួយឆ្នាំនៃការចាប់ខ្លួនពួកគេ។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពី១៤ ខែវច្ឆិកា កាលពីឆ្នាំមុន ក្រោមការចោទប្រកាន់ថា បានលួចផលិតព័ត៌មានបញ្ជូនឲ្យរដ្ឋបរទេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
អតីតអ្នកសារព័ត៌មានទាំងពីររូបនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅឡើយ បើទោះជាពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែសីហាកន្លងមកក៏ដោយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ប្រធានការិយាល័យកិច្ចការអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លោក ដានីយ៉ែល បាស្ដាដ (Daniel Bastard) បានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែតទាំងពីររូបនេះ។
លោក ដានីយ៉ែល បាស្ដាដ បាននិយាយថា៖ «អ្នកកាសែតទាំងពីរនាក់នេះ គឺជាជនរងគ្រោះនៃការបង្ក្រាបដ៏ឃោរឃៅដែលត្រូវបានរៀបចំឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបិទបាំងការរិះគន់ទាំងអស់»។
លោក ដានីយ៉ែល បន្តថា៖ «ថ្ងៃដែលពួកគេបានចំណាយពេលជាប់ពន្ធនាគារនៅឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេ និងនៅក្នុងស្ថានភាពដ៏គួរឱ្យភ័យខ្លាច បានបម្រើគោលដៅតែមួយប៉ុណ្ណោះ ដើម្បីបំភិតបំភ័យអ្នកកាសែតមិត្តរបស់ពួកគេ។ ឥឡូវនេះ រដ្ឋាភិបាលត្រូវតែទម្លាក់ការចោទប្រកាន់ដែលនៅតែបន្តប្រឆាំងនឹងពួកគេ ដើម្បីធ្វើឱ្យការធ្វើទុក្ខបុកម្នេញនេះបញ្ចប់»។
កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅតុលាការ ឲ្យបញ្ចប់បណ្ដឹងទាំងអស់ទៅលើមេដឹកនាំសហជីពនានានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ វាសនានៃអ្នកសារព័ត៌មានទាំងពីររូប ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នោះឡើយ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ករណីនេះគឺពាក់ព័ន្ធនឹងផ្លូវច្បាប់ ដោយថា គឺជាសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌ និងតុលាការ។
លោក អ៊ុក គឹមសេង មានប្រសាសន៍ថា៖ «ក្រសួងព័ត៌មានពុំមានសមត្ថកិច្ចជានគរបាលយុត្តិធម៌ទេ អញ្ចឹងអ្ហា៎! ដូច្នេះ រឿងទាំងអស់នេះ វាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងតុលាការ និងសមត្ថកិច្ចដែលជានគរបាលយុត្តិធម៌។ អញ្ចឹងហើយ យើងត្រូវស្តាប់ទៅតាមការសម្រេចរបស់នគរបាលយុត្តិធម៌ ជាពិសេសតុលាការ តើគាត់សម្រេចរបៀបម៉េច? យើងចាំមើលគាត់! អញ្ចឹងអ្ហា៎!»។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និង លោក ជិនម៉ាលីន បានទេនៅរសៀលនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។
របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានឲ្យដឹងថា សន្ទស្សន៍សេរីភាពនៅកម្ពុជា បានធ្លាក់ចុះពីចំណាត់ថ្នាក់ ១៣២ នៅឆ្នាំ២០១៧ មកដល់ចំណាត់១៤២ នៅឆ្នាំ២០១៨នេះ នៅក្នុងចំណោមប្រទេសចំនួន ១៨០ នៅទូទាំងពិភពលោក៕