ទីប្រឹក្សារបស់ព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទទួលស្គាល់ថា ដីព្រះរាជដំណាក់របស់អតីតព្រះមហាក្សត្រខ្មែរនៅចុងឆ្នេរអូរឈើទាលភ្ជាប់គ្នានឹងឆ្នេរអូរត្រេះផ្នែកខ្លះ ត្រូវបានគេរំលោភយកពិតប្រាកដមែន។
ទីប្រឹក្សារបស់ព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ មានប្រសាសន៍កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ថា ដីតំបន់ព្រះរាជដំណាក់នៅក្រុងព្រះសីហនុមួយផ្នែករងការរំលោភយកពីសំណាក់ឯកជនជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីជំនាន់អតីតអភិបាលខេត្តតូតាមកពីគណបក្សហ៊្វុនស៊ិនប៉ិច។ លោកបន្តថា ដីតំបន់នោះបច្ចុប្បន្នមិនដឹងថានៅសេសសល់មានទំហំប៉ុន្មានហិកតាទេ ។
លោកមានប្រសាសន៍ថា៖ «យូរហើយ ប្រហែលម្ភៃប្លាយឆ្នាំហើយ ថាមានគេទន្រ្ទានយកដីមួយដុំរបស់ព្រះរាជដំណាក់នៅកំពង់សោមហ្នឹង ក្រុងព្រះសីហនុហ្នឹង។ ហើយខ្ញុំមិនដឹងថានរណាទេ ព្រោះគេមិនអាចបញ្ចេញឈ្មោះបាន។ អាចប្រហែលជាគេហ៊ានដាក់លក់អីចឹង ដាក់ស្លាកលក់អីចឹង មានន័យថា មានតែឯកជនហ្នឹងហើយដែលហ៊ានដាក់ស្លាកលក់។ ព្រះបរមរាជវាំងលោកអត់មានគោលការណ៍អីដែលត្រូវទៅដាក់លក់ដីព្រះរាជដំណាក់ទេ។ ណា! »។
លោកបន្ថែមថា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ព្រះអង្គធ្លាប់យាងទៅកម្សាន្តនៅព្រះរាជដំណាក់ឆ្នេរអូរឈើទាល នៅសម័យសង្គមរាស្រ្តនិយម ប៉ុន្តែតាំងពីសម័យព្រះរាជាណាចក្រទី២មក អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ មិនបានយាងទៅទីនោះទៀតទេ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន មានប្រសាសន៍ថា ទីតាំងដីព្រះរាជដំណាក់អតីតព្រះមហាក្សត្រខ្មែរ ជាការគ្រប់គ្រងដោយខាងព្រះបរមរាជវាំង ដូច្នេះគ្មាននរណាហ៊ានលក់ដូរទេ។ លោកថា ការលក់ដូរដីនៅតំបន់នោះណាមួយ ជាដីឯកជន នៅក្រៅទីតាំងដីអតីតព្រះរាជដំណាក់ប៉ុណ្ណោះ។
លោកមានប្រសាសន៍បន្ថែម៖ «ដីនៅជុំវិញព្រះរាជដំណាក់អាចថាជាដីរបស់ឯកជន គេលក់គេដូរ។ ប៉ុន្តែរឿងព្រះរាជដំណាក់ ខ្ញុំអត់ទទួលបានទេរឿងហ្នឹង»។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកយកព័ត៌មាន វី.អូ.ឌី បានសង្កេតឃើញអតីតដីព្រះរាជដំណាក់ ដែលមានទីតាំងនៅចុងឆ្នេរអូរឈើទាល ភ្ជាប់គ្នានឹងឆ្នេរអូរត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានគេដាក់ស្លាកលក់ដីនៅជាប់ជើងភ្នំអតីតព្រះរាជដំណាក់តែម្តង ដែលមានជាអក្សរខ្មែរ អង់គ្លេស និងអក្សរចិន ផងដែរ។
ប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ លោក ចេង ស្រុង មានប្រសាសន៍ថា តាំងពីលោកមកកាន់ដំណែងជាប្រធានមន្ទីរមួយនេះ កាលពីដើមឆ្នាំ២០១៨មក លោកនៅមិនទាន់ដឹងច្បាស់ពីទីតាំង និងទំហំក្បាលដីអតីតព្រះរាជដំណាក់នៅឡើយទេ។ លោកបន្តថា ការលក់ដូរដីនៅតំបន់នោះ អាចជាដីឯកជន ហើយខាងលោកនឹងចុះស្រាវជ្រាវទីតាំងដីតំបន់នោះឱ្យបានច្បាស់លាស់ ។
លោកមានប្រសាសន៍បន្ថែមថា៖ «អីចឹង បើយើងច្បាស់លាស់ពីខាងណាមួយ ថាដីព្រះរាជដំណាក់ឬ មិនមែនជាដីព្រះរាជដំណាក់ ព្រោះបើសួរគ្រប់ដីអីចឹងខ្ញុំក៏ មិនទាន់ក្តាប់ជុំ ថាក្បាលដីព្រះរាជដំណាក់ហ្នឹងត្រឹមណាអីត្រឹមណា ?ហើយដីព្រះរាជដំំណាក់នេះប្រែក្លាយជាដីយ៉ាងម៉េចអីចឹងយ៉ាងម៉េច? ខ្ញុំក៏មិនទាន់បាននេះដែរ»។
ពលរដ្ឋរស់នៅក្រុងព្រះសីហនុម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ដីព្រះរាជដំណាក់នៅតំបន់នោះត្រូវបានគេព័ទ្ធរបង តាំងពីដើមឆ្នាំ២០១៨ ដោយថា ដីនៅលើភ្នំនៃទីតាំងដីព្រះរាជដំណាក់ គឺគ្រប់គ្រងដោយអ្នកមានអំណាចទៀតផង។ ប្រភពដដែលនេះយល់ថា ប្រសិនបើអតីតដីព្រះរាជដំណាក់គ្រប់គ្រងដោយឯកជន ហើយត្រូវបានគេដាក់លក់ នឹងធ្វើឱ្យបាត់បង់កេរ្តិ៍ដំណែលរបស់អតីតព្រះមហាក្សត្រ និងបាត់អត្តសញ្ញាណប្រវត្តិសាស្ត្រមិនខាន។
អតីតព្រះរាជលេខាផ្ទាល់ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា ព្រះអង្គមិនភ្ញាក់ផ្អើលទេ ចំពោះការរំលោភយកដីអតីតព្រះរាជដំណាក់ព្រះមហាក្សត្រនោះ។ លោកអះអាងថា ស្ទើរគ្រប់ទីតាំងដីព្រះរាជដំណាក់របស់អតីតព្រះមហាក្សត្រត្រូវបានគេរំលោភយក ដូចជានៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងទីតាំងផ្សេងទៀត ដោយថាបញ្ហានេះធ្វើឱ្យព្រះអង្គមានការសោកស្តាយ។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ឥលូវខ្ញុំសុំប្រៀបធៀបការរំលោភទាំងអស់នោះ ជាមួយការអះអាង របស់រាជរដ្ឋាភិបាល និងរបស់សម្តេចតេជោ ហ៊ុន សែន ជាដើម។ ថា ការពារព្រះមហាក្សត្រ ការពារព្រះរាជបល្ល័ង្ក ការពាររបបរាជានិយម ក៏ប៉ុន្តែគ្មាននរណារំលោភយក ព្រះរាជទ្រព្យ ព្រះមហាក្សត្រ និងរាជវង្ស ជាងពួកខាង ស៊ី.ភី.ភី នោះទេ។ ដូច្នេះ យើងត្រូវតែប្រៀបធៀប សម្តីមួយដែលសម្តីដែលថាការពារ និងមួយទៀត ការជាក់ស្តែងដែលថាការរំលោភ»។
បើតាមការអោយដឹងពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះរាជដំណាក់នៅចុងឆ្នេរអូរឈើទាល ភ្ជាប់គ្នាទៅនឹងឆ្នេរអូរត្រេះនោះ បានកសាងឡើងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៦០។ ព្រះអង្គបន្តថា តំបន់នោះជាទីតាំងព្រះរាជដំណាក់មួយ ដែលអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ សព្វព្រះរាជហឬទ័យយាងទៅកម្សាន្ត ហើយព្រះអង្គថែមទាំងធ្លាប់ទៅថតខ្សែភាពយន្តរឿង សាយ័ន្ត នៅទីនោះទៀតផង៕