កាលពីដើមសប្ដាហ៍កន្លងមកនេះ ទាំងរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ក្រុមសហជីព សកម្មជន និងពលរដ្ឋមួយចំនួនទៀត សុទ្ធតែបានបង្ហាញនូវចំណុចរួមមួយ នោះគឺការចូលរួមអបអរចំពោះខួប ៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ប៉ុន្តែ ពួកគេក៏បានបង្ហាញនូវទស្សនផ្សេងគ្នាផងដែរចំពោះ លំហសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា។
ក្រុមការពារសិទ្ធិមនុស្សក្នុងស្រុក សុទ្ធតែបានលើកឡើងអំពីការរឹតត្បិតសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា ហើយបានជំរុញទៅរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យកែប្រែច្បាប់មួយចំនួនដើម្បីបើកចំហសេរីភាពឡើងវិញ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នៅចំថ្ងៃ១០ធ្នូថា ការប្រមូលផ្ដុំ និងការជួបជុំដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ បានរងការគំរាមកំហែង និងរឹតត្បិតពីសំណាក់អាជ្ញាធរដដែល។
អង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយនេះ បានលើកឡើងថា ក្រុមអ្នកចូលរួមមានទាំងមេដឹកនាំសហជីព និងសកម្មជនដីធ្លី បានទាមទារទៅរដ្ឋាភិបាលឲ្យគោរពសិទ្ធិមនុស្ស និងដោះស្រាយបញ្ហារំលោភបំពានផ្សេងៗដែលកើតមានជាយូរឆ្នាំមកហើយ។
ចំណែកឯសមាគមការពារសិទ្ធិមនុស្សបានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅចំថ្ងៃ១០ធ្នូនោះថា ក្រុមអង្គការសង្គមស៊ីវិល បានបញ្ចប់ពិធីជួបជុំនៅឯទីលានប្រជាធិបតេយ្យនៅក្រោមបរិយាកាសរឹតត្បិតសេរីភាព និងក្រោមការឃ្លាំមើលយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធររដ្ឋាភិបាល។
ផ្ទុយពីក្រុមអង្គការការពារសិទ្ធិមនុស្ស ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ចុះផ្សាយថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរជាងប្រទេសមួយចំនួន បើធៀបនឹងប្រទេសមួយចំនួននៅអាស៊ី អឺរ៉ុប និងអាមេរិក។
លោក កែវ រ៉េមី បានបញ្ជាក់ថា៖ «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើរណាស់ បើប្រៀបធៀបបណ្តាប្រទេសជិតខាង និងមួយចំនួននៅក្នុងអាស៊ីនៅអឺរ៉ុបនៅអាមេរិក។ ស្ថានភាពរបស់យើងគឺមានលក្ខណៈល្អប្រសើរ»។
ក្រោយពីភាគីសង្គមស៊ីវិល និងភាគីរដ្ឋាភិបាល យល់ឃើញផ្ទុយគ្នាបែបនេះមក វាជំរុញឲ្យមានការចោទសួរថា តើលំហសិទ្ធិសេរីភាពនៅកម្ពុជាមានវិសាលភាពកម្រិតណា?
ខណៈដែលគ្មានសន្ទស្សន៍ជាក់លាក់នៃលំហសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជានោះ នៅឯអន្តរជាតិឯណោះវិញ លំហរសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជា អាចត្រូវបានវាស់វែងបានទៅតាមលក្ខណៈវិទ្យាសាស្ត្រ ដែលសិក្សាដោយក្រុមអ្នកជំនាញអន្តរជាតិ។ កម្រិតសិទ្ធិសេរីភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅលើពិភពលោក ត្រូវបានវាស់វែងទៅតាមផ្នែកផ្សេងៗ។
សន្ទស្សន៍សេរីភាពមនុស្សជាតិឆ្នាំ២០១៨ ដែលចេញផ្សាយរួមគ្នាកាលពីពីរថ្ងៃមុនដោយវិទ្យាស្ថាន Cato នៅសហរដ្ឋអាមេរិក វិទ្យាស្ថាន Fraser នៅកាណាដា និងមូលនិធិ Friedrich Naumann នៅអាល្លឺម៉ង់នោះ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលំដាប់ថ្នាក់ទី ៦១ នៅក្នុងចំណោមប្រទេស ១៦២ ដែលត្រូវបានសិក្សាជារៀងរាល់ឆ្នាំ។ ការសិក្សានេះបង្ហាញថា ចំណាត់ប្រទេសកម្ពុជា បានធ្លាក់ចុះពីលេខ ៥៨ នៅឆ្នាំ២០១៧។
ការសិក្សាដដែលនេះ បានវាយតម្លៃទៅលើសន្ទស្សន៍សេរីភាពបុគ្គល និងសេរីភាពផ្នែកសេដ្ឋកិច្ច ដើម្បីគណនាលើសន្ទស្សន៍សេរីភាពនៅកម្ពុជាដែលមានពិន្ទុ ៧.២០ លើពិន្ទុសរុប ១០។ លំដាប់ពិន្ទុនេះ បង្ហាញថា កម្រិតសេរីភាពនៅកម្ពុជា មិនទាន់សេរីនោះទេ ឬនៅទាបជាងប្រទេសសិង្ហបុរី ប៉ុន្តែ បែរជាល្អប្រសើរជាងបណ្ដាប្រទេសនានាក្នុងតំបន់។
បើតាមការសិក្សាមួយនេះ បណ្ដាប្រទេសនៅតំបន់អឺរ៉ុបខាងលិច អាមេរិកខាងជើង និងតំបន់អូសេអានី សុទ្ធតែត្រូវបានវាយតម្លៃថា ជាប្រទេសដែលស្ថានភាពសិទ្ធិសេរីភាព មានលក្ខណៈល្អបំផុត ហើយបណ្ដាប្រទេសភាគច្រើននៅតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង សុទ្ធតែមានសន្ទស្សន៍សេរីភាពមនុស្សជាតិមិនសេរីនោះឡើយ។
សន្ទស្សន៍សេរីភាពឆ្នាំ២០១៨ ដែលត្រូវបានសិក្សាដោយអង្គការមូលនិធិកេរដំណែលមានមូលដ្ឋាននៅអាមេរិក បានដាក់ចំណាត់ប្រទេសកម្ពុជានៅលំដាប់ទី ១០១ នៅក្នុងចំណោមប្រទេសសរុប ១៨០នៅទូទាំងពិភពលោក។
ដោយទទួលបានពិន្ទុត្រឹមតែ ៥៨នោះ ការសិក្សានេះ បង្ហាញថា សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គ្មានភាពសេរីភាគច្រើន ពោលគឺប្រហាក់ប្រហែលគ្នានឹងប្រទេសភូមា ឡាវ និងវៀតណាម ប៉ុន្តែ នៅទាបជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាននៅឡើយ។
ចំណែកឯអង្គការ Freedom House មានមូលដ្ឋាននៅអាមេរិកដែរនោះ បានវាយតម្លៃថា ប្រទេសកម្ពុជាគ្មានសេរីភាពនោះឡើយ តាមរយៈការវាយតម្លៃទៅលើសេរីភាពស៊ីវិល និងសិទ្ធិខាងផ្នែកនយោបាយ។ ជាងនេះទៅទៀត អង្គការនេះបានវាយតម្លៃថា ស្ថានភាពសេរីភាពនៅកម្ពុជា បានធ្លាក់ចុះ បើធៀបទៅនឹងឆ្នាំមុនៗ។
ក្រៅពីការសិក្សាខាងលើ អង្គការជំនាញផ្នែកសារព័ត៌មានមានឈ្មោះថា Reporters Without Border ដែលមានមូលដ្ឋាននៅប្រទេសបារាំងនោះ បានវាយតម្លៃចំណាត់ថ្នាក់កម្រិតសេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១៤២ នៅក្នុងចំណោម ១៨០ប្រទេសទូទាំងពិភពលោក។
តាមរយៈរបាយការណ៍អង្គការការពារអ្នកសារព័ត៌មានអន្តរជាតិមួយនេះ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានបាត់បង់ចំណាត់ថ្នាក់ដល់ទៅ ១០លេខឯនោះ បើធៀបទៅនឹងឆ្នាំ២០១៧កន្លងមក។
អង្គការ Freedom House បានលើកឡើងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់បែបនេះ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ទៅលើប្រព័ន្ធផ្សព្វផ្សាយនានាកាលពីឆ្នាំ២០១៧កន្លងមក៕