ជនជាតិវៀតណាមដែលទើបតែបម្លាស់ទីពីផ្ទៃបឹងទន្លេសាបមួយចំនួន បានត្អូញត្អែរថា ពួកគេមិនអាចរស់នៅលើទីតាំងដែលរៀបចំដោយអាជ្ញាធរបានទេ ដោយថា កន្លែងថ្មីមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ហើយម្យ៉ាងទៀតវានៅឆ្ងាយពីទីតាំងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។
លោក ង្វៀង យ៉ាំងហង អាយុ ៦៣ ឆ្នាំ ជាតំណាងជនជាតិវៀតណាមក្នុង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រូបលោកនិងជនជាតិវៀតណាមដែលរស់នៅលើផ្ទៃបឹងទន្លេសាបប្រមាណ២៥០គ្រួសារផ្សេងទៀត បានចល័តមករស់នៅលើដីគោកតាំងតែពីដើមខែតុលាមកម្ល៉េះ។ ប៉ុន្តែលោក ង្វៀង យ៉ាំងហង អះអាងថា លោកនិងគ្រួសារជនជាតិវៀតណាមមួយចំនួនទៀតមិនបានទៅរស់នៅទីតាំងដែលរៀបចំដោយអាជ្ញាធរខត្តកំពង់ឆ្នាំងឡើយ ដោយថាទីតាំងនោះមិនទាន់មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់នៅឡើយ។
លោកបាននិយាយថា៖ « លោក សម្តេចគាត់មានបញ្ជាអោយខាងអាជ្ញាធរហ្នឹងដែរ ខ្ញុំលឺ តែពួកខ្ញុំក្រោយ ខ្សែរយៈខ្ញុំ ក៏នៅលើវៀតណាមដែរហ្នឹង។ ស្ថានទូតក៏បាននិយាយដែរ ប៉ុន្តែបងប្អូនអាជ្ញាធរកម្ពុជា ត្រូវតែចល័តប្រជាជនវៀតណាមឡើងគោក មានថ្នល់ មានភ្លើង មានទឹកអនាម័យ មានបង្គន់ មានអីស្រាប់ មានសាលារៀន ពេទ្យ មណ្ឌលហ្នឹង ប៉ុន្តែចល័តអង្កាល់ហ្នឹងពួកខ្ញុំជាងពីរខែហើយ មិនទាន់មានអីទាំងអស់។»
រដ្ឋាភិបាលបានរៀបចំដីនៅក្នុង ភូមិដំបូកកកោះ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យជនជាតិវៀតណាមដែលត្រូវធ្វើបម្លាស់ទីពីផ្ទៃបឹងទន្លេសាប អាចរស់នៅអចិន្ត្រៃយ៍។ លោក ង្វៀង យ៉ាំងហង បានឲ្យដឹងទៀតថា មូលហេតុមួយទៀតដែលពួកគេមិនចង់ទៅរស់នៅទីតាំងថ្មីក្នុងឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ហើយនៅតែបន្តរស់នៅឃុំសែប ស្រុកកំពង់ត្រឡាច ដដែល ព្រោះកន្លែងថ្មីនៅឆ្ងាយពីទីតាំងប្រកបរបរទទួលទានប្រចាំថ្ងៃរបស់ពួកគេ។
តំណាងជនជាតិវៀតណាម ឃុំសែប ស្រុកកំពង់ត្រឡាច រូបនេះ មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ពួកខ្ញុំរបររកស៊ីនៅនេះ ព្រោះអីឆ្ងាយទឹកមិនបានទេ ឥឡូវទូក ម៉ាស៊ីន បែត្រីនៅហ្នឹងដដែល បើឡើងទៅកន្លែងនោះ ដំបូកកោះហ្នឹង កន្លែងរលាប្អៀរ ហួសកំពង់ឆ្នាំងទៀតហ្នឹងវាឆ្ងាយពីទន្លេ វាជាងបីគីឡូ ពីរគីឡូកន្លះអីហ្នឹង ប៉ុន្តែវាឆ្ងាយពេក ពីព្រោះអីអត់មានអ្នកណាមើលថែរបរបាន។ »
អ្នកស្រី ង្វៀង ធីម៉ី អាយុ ៥៨ឆ្នាំ ជនជាតិវៀតណាមនៅក្នុងឃុំសែប មានមុខរបរជាអ្នកចិញ្ចឹមត្រីបានត្អូញត្អែរពីបញ្ហាទីតាំងថ្មីនិងស្ថានភាពនៅទីនោះ ដោយថា មិនទាន់អាចរស់នៅបាននៅឡើយ។ អ្នកស្រី បន្តថា ដោយសារមូលហេតុនេះហើយ ទើបគាត់សម្រេចចិត្តជួលដីពីប្រជាជនខ្មែរនៅក្នុងភូមិឃុំដែលអ្នកស្រីរស់នៅ ដោយសារតែវានៅជិតមាត់ទឹកជាកន្លែងចិញ្ចឹមត្រីរបស់អ្នកស្រី។
លោកស្រី បានប្រាប់ឲ្យដឹងថា៖ «ដីហ្នឹងហា គេមិនទាន់ធ្វើផ្ទះ មិនទាន់ធ្វើបង្គន់ស្អីទាំងអស់ពីមាត់កំពង់ទៅដល់ដីហ្នឹងបីគីឡូដី។ អញ្ចឹង អូនឯងរកស៊ីត្រីអញ្ចេះ ចិញ្ចឹមត្រីអូនឯងទៅហ្នឹង របស់ចោល។»
លោក យឿង សុផល ជាមេឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថាជនជាតិវៀតណាមជាង១០០គ្រួសារបានធ្វើការចល័តពីផ្ទៃបឹងទន្លេសាបមកលើគោក តែមិនបានចាកចេញពីឃុំនេះទៅទីតាំងថ្មីនោះទេ ដោយសារ តែវាអាចនឹងប៉ះពាល់នូវមុខរបរចិញ្ចឹមត្រីរបស់ពួកគេ។
លោកថា៖ «គាត់មិនចង់ហ្នឹង ទីមួយពេលដែលគាត់នៅក្នុងទឹក គឺគាត់មានកាណូត គាត់មានបែត្រី។ ចឹងបើកាលណាគាត់ទៅនៅឆ្ងាយពីផ្ទៃទន្លេ មានន័យថា អត់មានពីណាមើលមើលកាណូត មើលទូកគាត់ ចឹងអាចបែក អាចលិច ហើយការដាក់ចំណីត្រីហ្នឹងក៏វាឆ្ងាយ វាធ្វើអោយលំបាក ហើយការបាត់បង់ ការខូចខាត ការយាមការ វាពាក់ព័ន្ធចឹងទាំងអស់។»
ប្រធានសមាគមវៀតណាមប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ួច វ៉ឹងប៊ែល បានប្រាប់ វី.អូ.ឌី ថា សមាគមលោក មិនមានថវិកាដើម្បីជួយទៅដល់ប្រជាជនខ្មែរវៀតណាមទាំងនោះទេ បានត្រឹមតែជ្រោមជ្រែងក្នុងការធ្វើកិច្ចការមួយចំនួនតែប៉ុណ្ណោះ។
លោកថា៖ «សមាគមវៀតណាមបានតែជួយជ្រោមជ្រែងជាមួយគាត់ ហើយរំលឹកជាមួយគាត់អ្វីដែលអាចធ្វើបាន។ បើនិយាយរឿងថវិកា ខាងសមាគមវៀតណាមអត់មានទេ ចឹងបានតែ ឧទាហរណ៍ ជួយហៅសប្បុរសជន ខាងក្រុមការងារផ្សេងៗឬអាជ្ញាធរ អ្វីដែលអាចជួយប្រជាជនយើងបានគេជួយហើយណា។ ឧទាហរណ៍ ជូនជាអំណោយ ឬឈូសផ្លូវឲ្យប្រជាជនដើរឲ្យស្រួល ឬ ទឹក ហើយខួងអណ្តូងអោយប្រជាជនប្រើហ្នឹង។ មានតែប៉ុណ្ណឹង ប៉ុន្តែជួយអីធំៗ សមាគមអត់មានថវិកាទេ។»
អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ បានប្រាប់ថា ដីថ្មីជាង៤០ហិកតាដែលរដ្ឋាភិបាលរៀបចំទុកឲ្យជនជាតិខ្មែរវៀតណាមរស់នៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ គឺដោយសារតែរដ្ឋាភិបាលឲ្យពួកគេធ្វើការផ្លាស់ទីមុនផែនការដែលកំណត់។
លោក បានមានប្រសាសន៍ថា៖ «ឥឡូវនេះ ដោយសារតែបងប្អូនគាត់នៅបណ្តោះអាសន្ននេះអត់អីទេ ដោយសារគាត់មានភ្លើងមានអីធម្មតាចឹងព្រោះគាត់នៅជាប់ទន្លេដែរទេ ប្រហែលជា៥០ ទៅ ១០០ម៉ែត្រពីទន្លេ ចឹងវាអត់មានបញ្ហាប្រឈមធ្ងន់ធ្ងរនោះទេ។ តែយើងកំពុងតែធ្វើការជំរុញឲ្យគាត់រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅអាតំបន់ទីតាំងអចិន្ត្រៃយ៍ហ្នឹងឲ្យបានលឿន ចឹងយើងជំរុញប្រហែលជាប្រើពេល៦ខែ ចាប់ពីពេលហ្នឹងទៅ ឥឡូវកំពុងតែធ្វើប្រតិបត្តិការ កំពុងតែដំណើរការហើយ។»
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការបម្លាស់ទីជនជាតិវៀតណាមដែលរស់នៅផ្ទៃបឹង ទន្លេសាបមកនៅលើគោកវិញ ចាប់ផ្តើមតាំងតែពីខែកក្កដា ឆ្នាំ២០១៥មកម្លេះ ហើយរំពឹងថានឹងសម្រេចទាំងស្រុងនៅមុនឆ្នាំ២០១៩។
បើតាមអិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ គិតរហូតមកដល់ពេលនេះ ជនជាតិវៀតណាមចំនួន៤០០០គ្រួសារ បានធ្វើការផ្លាស់ទីចេញពីផ្ទៃបឹងទន្លេរួចហើយ។ លោក ស៊ុន សុវណ្ណរិទ្ធិ ឲ្យដឹងថា នៅសល់តែ៧៥០គ្រួសារទៀតប៉ុណ្ណោះ ដែលអាជ្ញាធរអនុញ្ញាតឲ្យបន្តរស់នៅទីនោះរហួតដល់ខែកក្កដា ឆ្នាំ២០១៩ ក្នុងទីតាំង៦គោលដៅ ដើម្បីឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្លាស់មករស់នៅកន្លែងថ្មី និងកុំឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមត្រីរបស់ពួកគេ៕