លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭកថា ការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីរដ្ឋាភិបាល ជាការចូលរួមចំណែកអភិវឌ្ឍជាតិ សម្រាប់កម្ពុជាដែលកំពុងមានសន្តិភាពពេញលេញដូចបច្ចុប្បន្ន។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងកាលពីម្សិលមិញ ពោលគឺរយៈពេល១ថ្ងៃ មុនពេលដែលលោកជួបក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ពិតប្រាកដណាស់ ការរីកចម្រើរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ។
មេដឹកនាំរូបនេះបន្តថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ កម្ពុជាត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគនៅកម្ពុជា។ លោក បន្ថែមថា ការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាកដ បានផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស។
លោកថា៖« ខ្ញុំសូមអរគុណបងប្អូន និងក្មួយៗអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ (Online News) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ»។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាល បានបិទស្ថានីយវិទ្យុក្នុងស្រុកជាង៣០ ដែលជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី RFA វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ក្រោមហេតុផលថាស្ថាប័នទាំងនោះ គ្មានច្បាប់អនុញ្ញាតិពីក្រសួងព័ត៌មាន។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ ពន្យល់ថា សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម ដោយថា សារព័ត៌មាន ដែលផ្សព្វផ្សាយពីសមិទ្ធផលរបស់រដ្ឋាភិបាល បានជួយទាក់ទាញបរទេសឲ្យមកវិនិយោគ ចំណែកសារព័ត៌មាន ដែលសរសេររិះគន់ការខ្វះចន្លោះ របស់រដ្ឋាភិបាល បានចូលរួមចំណែកជំរុញអភិបាលកិច្ចល្អ និង គណនេយ្យភាពសង្គម។
ប៉ុន្តែអ្នកសិក្សាផ្នែកសារព័ត៌មានរូបនេះ បញ្ជាក់ថា ប្រទេសដែលអនុវត្តគោលការណ៍ប្រជាធិបតេយ្យ គេត្រូវការសារព័ត៌មានដែលហ៊ានសរសេររិះគន់រដ្ឋាភិបាល ទើបអាចជំរុញការអភិវឌ្ឍប្រកបដោយតម្លាភាពបាន។
លោកថា៖ «អញ្ចឹង បើសិនជាគ្មានអ្នកសារព័ត៌មាន អាចតាមដាន ឬរាយការណ៍អំពីតម្លាភាព អំពីគណនេយ្យភាពសង្គមហ្នឹងទេ យើងគិតថា អភិបាលកិច្ចល្អនឹងដំណើរការទៅល្អនោះទេ»។
អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សារព័ត៌មានដែលហ៊ានរិះគន់ចំនុចខ្វះចន្លោះរបស់រដ្ឋាភិបាលប្រកបដោយវិជ្ជាជីវៈ ថា បានចូលរួមចំណែក ទប់ស្កាត់អំពើពុករលួយ អយុត្តិធម៌សង្គម និងលើកកម្ពស់ដល់ការគោរពសិទ្ធិមនុស្ស។
លោកថា៖ «ព័ត៌មានងាយៗ ព័ត៌មានដែលជាទូទៅគេអាចដឹង គេអាចឮ វាមិនមានខ្លឹមសារឬមានន័យអ្វីសម្រាប់អ្នកដែលគេចង់ដឹងចង់តាមដាននោះទេ។ តែគេចង់ដឹងសំខាន់បំផុត សារព័ត៌មានដែលហ៊ានសរសេរ នូវអ្វីដែលរដ្ឋាភិបាលព្យាយាមលាក់បាំង ពិសេសអំពើពុករលួយ និងតម្លាភាពនៃការអភិវឌ្ឍប្រទេសជាតិជាដើម»។
របាយការណ៍ក្រសួងព័ត៌មានគិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ស្ថាប័នផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាមាន ៥៣០ស្ថាប័ន បានចុះបញ្ចីនៅក្រសួងព័ត៌មាន ក្នុងនោះមានទស្សនាវដ្តី កាសែត វិទ្យុ និងទូរទ្សន៍ជាដើម ដោយឡែក ២៧៥ ស្ថាប័នទៀតអាចនឹងត្រូវលុបចោល ដោយថា ស្ថាប័នទាំងនោះ មិនបានអនុវត្តនូវសកម្មភាពការងាររបស់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈត្រឹមត្រូវ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដោយបានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាដល់ទៅ ១០លេខ ពោលគឺនៅឆ្នាំ២០១៨ កម្ពុជាស្ថិតនៅលេខរៀងទី១៤២ ធៀបនឹងចំណាត់ថ្នាក់១៣២ កាលពីឆ្នាំ២០១៧៕